ម៉ូស្គូ ៖ អ្នកនាំពាក្យប្រធានាធិបតីរុស្ស៊ីលោក វ៉្លាឌីមៀ ពូទីន គឺលោក ឌីមីទ្រី ប៉េស្កូវ (Dmitry Peskov) ត្រូវបានបញ្ជូនទៅសម្រាកព្យាលនៅមន្ទីរពេទ្យហើយ បន្ទាប់ពីការធ្វើតេស្តរកឃើញថា លោកបានឆ្លងវីរុសកូរ៉ូណា (COVID-19)។ នេះបើយោងតាមកាសែតវ៉ាស៊ីនតោនប៉ុស្តិ៍ បានចេញផ្សាយនៅយប់ថ្ងៃអង្គារ ទី១២ ខែឧសភា ឆ្នាំ២០២០នេះ។
លោក Dmitry Peskov បានប្រាប់សារព័ត៌មានក្នុងស្រុករុស្ស៊ីថា «ពិតមែនហើយ! ខ្ញុំពិតជាមានជំងឺ (COVID-19) ប្រាកដមែន។ ខ្ញុំកំពុងស្ថិតក្នុងតំណាក់កាលព្យាបាល»។ ការប្រកាសអំពីការឆ្លងជំងឺ នៃមន្ត្រីប្រចាំវិមានក្រឹមឡាំងរូបនេះ កើតមានឡើងបន្ទាប់ពីលោក វ្ល៉ាឌីមៀ ពូទីន បានអះអាងថា ប្រទេសរុស្ស៊ីទទួលបានជោគជ័យ ក្នុងការកាត់បន្ថយអត្រាឆ្លងជំងឺ COVID-19 និងបានសម្រេចឲ្យដកការរឹតត្បិត មួយចំនួនចេញវិញផងដែរ។
សូមជម្រាបថា គិតត្រឹមថ្ងៃអង្គារ ទី១២ ខែឧសភា ឆ្នាំ២០២០ រុស្ស៊ីមានករណីឆ្លងជំងឺ COVID-19 សរុប ២៣២,២៤៣ករណី ក្នុងនោះស្លាប់ ២,១១៦នាក់ និងជាសះស្បើយឡើងវិញ ៤៣,៥១២នាក់ ខណៈមនុស្ស ៥.៨លាននាក់ហើយ បានទទួលការធ្វើតេស្ដរក COVID-19។
តាមរយៈតួលេខអ្នកឆ្លងសរុបខាងលើបានធ្វើឱ្យរុស្ស៊ី វ៉ាដាច់ចក្រភពអង់គ្លេសជាថ្មី ឡើងទៅឈរនៅលេខរៀងទី ៣ ក្នុងនាមជាប្រទេសមានអ្នកឆ្លង COVID-19 ច្រើនជាងគេនៅលើពិភពលោក តាមពីក្រោយអេស្ប៉ាញ និងសហរដ្ឋអាមេរិក៕