ភ្នំពេញ ៖ លោក ប៉ៃ សំបូរ បានឲ្យដឹងថា ក្រុមអ្នកជំនាញការស្ម័គ្រចិត្ត របស់អង្គការសង្គ្រោះមេឃពណ៌ខៀវ របស់ប្រទេសចិន ចំនួន១០រូបបានបំពេញការងារស្ម័គ្រចិត្តបាញ់ថ្នាំសម្លាប់មេរោគកូវីដ១៩ នៅ១០រាជធានី/ខេត្ត របស់កម្ពុជាបើគិតជាម៉ែត្រការ៉េ គឺជាង១លាន៥សែនម៉ែត្រការ៉េក្នុងរយៈពេល១៥ថ្ងៃ។
ក្រុមអ្នកជំនាញការស្ម័គ្រចិត្ត របស់អង្គការសង្គ្រោះមេឃពណ៌ខៀវ របស់ប្រទេសចិនចំនួន១០រូប បានធ្វើដំណើរវិលត្រឡប់ទៅកាន់ប្រទេសខ្លួនវិញហើយ នៅរាត្រីថ្ងៃទី១២ ខែឧសភា បន្ទាប់ពីបានបំពេញបេសកកម្ម រយៈពេល១៥ថ្ងៃ ក្នុងការបាញ់សម្លាប់មេរោគកូវីដ១៩ និងបណ្តុះបណ្តាល ដល់គ្រូពេទ្យនៅប្រទេសកម្ពុជា។
ជាមួយគ្នានោះ លោកក៏បានថ្លែងអំណរគុណ ដល់ក្រុមអ្នកជំនាញការចិន ដែលមកបានជួយកម្ពុជា និងបានថ្លែងអំណរគុណ ដល់គ្រប់ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរ ដែលបានសហការគ្នាយ៉ាងល្អ លើកិច្ចការមនុស្សធម៌នេះ។ លោកបញ្ជាក់ថា ភាគីចិន បានបញ្ជាក់ថា នឹងបន្តជួយដល់កម្ពុជាថែមទៀត ប្រសិនបើមានការស្នើសុំ។
សូមជម្រាបថា ក្រុមអ្នកជំនាញការស្ម័គ្រចិត្តទាំង១០នាក់ បានមកដល់កម្ពុជា កាលពីរាត្រីថ្ងៃទី២៨ ខែមេសា ដោយកិច្ចការនេះ ស្ថិតក្រោមការសម្របសម្រួល របស់វេទិការសម្ព័ន្ធសង្គមស៊ីវិល និងមូលនិធិសន្តិភាពនិងអភិវឌ្ឍន៍ចិន បានសហការគ្នា យ៉ាងជិតស្និទ្ធ ជាមួយក្រសួងសុខាភិបាលកម្ពុជា៕