ស្នងការរាជធានីភ្នំពេញណែនាំដល់មន្ត្រីអនុវត្តច្បាប់ទាំងអស់ត្រូវតែមានការអត់ធ្មត់ខ្ពស់
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 14 May, 2020 ក+ ក-

ភ្នំពេញ ៖  លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាល រាជធានីភ្នំពេញ​ បានណែនាំដល់មន្ត្រីអនុវត្តច្បាប់ទាំងអស់ ត្រូវតែមានការអត់ធ្មត់ខ្ពស់ មានអាកប្បកិរិយា និងសំដីសមរម្យជាមួយប្រជាពលរដ្ឋ។ លោកស្នងការ បានសង្កត់ធ្ងន់ថា ក្នុងពេលអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍នេះ បើមន្ត្រីណាប្រព្រឹត្តិខុសពីការណែនាំរបស់ថ្នាក់ដឹកនាំ មន្ត្រីនោះ នឹងត្រូវដាក់ពិន័យ ក៏ដូចជាការអនុវត្តតាមវិន័យកងកម្លាំង។

លោកឧត្តមសេនីយ៍ឯក ស ថេត បានលើកឡើងដូច្នេះ កាលពី​ព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២០ ក្នុងពេល​អញ្ជើញជួបជាមួយមន្ត្រីនៃការិយាល័យចរាចរណ៍ និងមន្ត្រីចរាចរណ៍ តាមបណ្តាអធិការខណ្ឌទាំង១៤ នៅភ្នំពេញ​ ដែលមានមន្ត្រីចូលរួម​សរុបចំនួន ៧២៨ នាក់ ( បែកចែកជា ៤ វេន ផ្សេងគ្នា ) ដើម្បីផ្សព្វផ្សាយការប្រជុំដកពិសោធន៍នៃការអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍របស់ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ។

​លោកស្នងការ បានកោតសរសើរដល់កម្លាំងទាំងអស់ ដែលបានខិតខំទាំងយប់ថ្ងៃ ក្នុងគោលបំណងការពារអាយុជីវិត ទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ ជាលទ្ធផលនៃការអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍រយ:ពេល ១៣ថ្ងៃកន្លងមកនេះ បានបង្ហាញជាលទ្ធផលវិជ្ជមាន ដោយកាត់បន្ថយគ្រោះចរាចរណ៍បានរហូតដល់ ៤០% ជាពិសេសធ្វើឲ្យអ្នកបើកបរភាគច្រើន បានចូលរួមគោរពច្បាប់ ដោយពាក់មួកសុវត្ថិភាព ពាក់ខ្សែក្រវ៉ាត់ គោរពភ្លើង និងស្លាកសញ្ញាចរាចរណ៍។ ល ។

​លោកស្នងការ ក៏បាន​បញ្ជាក់យ៉ាងច្បាស់ដល់មន្ត្រីទាំងអស់ ត្រូវតែធ្វើជាគំរូល្អដល់ប្រជាពលរដ្ឋ ក្នុងការគោរពច្បាប់ចរាចរណ៍ ត្រូវតែពាក់មួកសុវត្ថិភាព មានស្លាកលេខ ពាក់ខ្សែក្រវ៉ាត់ និងកុំនិយាយទូរស័ព្ទពេលបើកបរ ( អាចនិយាយបានដោយប្រើកាស )។ បន្ថែមលើនេះលោកស្នងការ ក៏បានណែនាំដល់មន្ត្រីទាំងអស់ ត្រូវតែប្រុងប្រយ័ត្នក្នុងការថែទាំសុខភាព ដោយពាក់ម៉ាស់ជាប្រចាំ លាងដៃជាមួយសាប៊ូ ឬទឹកអាល់កុលឲ្យបានញឹកញាប់ ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរាលវីរុសកូវីដ១៩ ដោយអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល​៕​​