សម្តេចតេជោ ៖ ការបើកសាលារៀនឡើងវិញ មិនត្រូវប្រញាប់ ប្រញាល់ពេកនោះទេ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 15 May, 2020 ក+ ក-

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ថា ការបើកសាលារៀនឡើងវិញ មិនត្រូវប្រញាប់ប្រញាល់ពេកនោះទេ ព្រោះបើឆ្លងចូលទៅក្នុងសាលា គឺវា ស្មើនឹងការចូលទៅកាន់សហគមន៍ ដែលជាក្រុមងាយរងគ្រោះបំផុត។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងនៅក្នុង កិច្ចប្រជុំគណៈរដ្ឋមន្ត្រីនៅព្រឹកម៉ិញថា ការស្នើសុំបើកសាលារៀនគឺមិនគួរ ត្រូវប្រញាប់ ប្រញាល់ក្នុងការធ្វើនោះទេ។ សម្តេចបានបញ្ជាក់ថា សម្តេចតេជោ យល់ព្រមលើសំណើ របស់ឯកឧត្តម ហង់ជួន ណារ៉ុន ដើម្បីពន្យាការបើកសាលា ធ្វើម៉េចឱ្យជីវិតរស់នៅគង់វង្ស សិន។ ប្រសិនបើវាចូលទៅក្នុងសាលា គឺវាស្មើនឹងការចូលទៅកាន់សហគមន៍តែម្តង គឺជា ក្រុមងាយរងគ្រោះបំផុត។ សម្តេចតេជោ នូវការកោតសរសើរចំពោះគ្រប់តួអង្គ ពាក់ព័ន្ធ ទាំងអស់ ក៏ដូចជាថ្នាក់មូលដ្ឋាន កម្លាំងប្រដាប់អាវុធ ដែលបានខិតខំប្រឹងប្រែងទប់ស្កាត់ ការរីករាលដាលនៃកូវីដ-១៩ ហើយយើងធ្វើបានសម្រេចជោគជ័យ។ សម្តេចតេជោ នៅតែ បន្តអំពាវនាវឱ្យមានការខិតខំបន្តទៀត ដោយមិនត្រូវមើលស្រាលទៅលើបញ្ហានេះទេ ទោះបីកម្ពុជាគ្មានការឆ្លងរយៈពេលជាងមួយខែក្តី ប៉ុន្តែអ្វីដែលជាការយកចិត្តទុកដាក់នោះ ខ្លាវក្រែងផ្ទុះឡើងវិញ ហើយត្រួតត្រាលែងបាន។

កាលពីថ្ងៃអង្គារទី១២ ឧសភាកន្លងទៅ រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានស្នើទៅ សម្តេចតេជោ ហ៊ុន សែន គួរបន្តពន្យាពេលបើកដំណើរការឡើងវិញ គ្រឹះស្ថានសិក្សាគ្រប់ កំរិត គ្រប់ប្រភេទដើម្បីធ្វើការតាមដានស្ថានភាពនៃជំងឺកូវីដ១៩ កុំឲ្យមានការឆ្លងក្នុង សហ គមន៏ ជាពិសេសបង្ការរលកទី២។ ក្រសួងអប់រំ នៅបន្តផ្តល់ការសិក្សាពីចំងាយ និងការ សិក្សាតាមប្រព័ន្ធអេឡិច ត្រូនិក ដើម្បីបន្តនិរន្តភាពនៃការសិក្សា បញ្ចៀសបច្ច័យអវិជ្ជមាន ដែលធ្វើឲ្យ គ្រឹះស្ថានឯកជនប្រឈមមុខនឹងការបិទទ្វារ។ ប៉ុន្តែក្រសួងអប់រំ ក៏បានសិក្សា ពីជម្រើសក្នុងការបើកដំណើរការសាលារៀនឡើងវិញជាដំណាក់ៗ ដោយផ្តោតលើគ្រឹះ ស្ថាន ឧត្តមសិក្សា និងសិស្សថ្នាក់ទី៩ និងថ្នាក់ទី១២ ដែលត្រូវត្រៀម ប្រឡងនៅពេល វេលា សមស្របណាមួយ។ ក្រសួងបានណែនាំឲ្យគណៈគ្រប់ គ្រងសាលា និងគ្រូបង្រៀន បែងចែកវេន ចុះចងក្រងសិស្សជាក្រុមតូចៗ មិនលើសពី១០នាក់ ឲ្យស្វ័យសិក្សា និង សិក្សា ពីចំងាយ ដោយប្រើទូរទស្សន៏ជាតិ និងប្រព័ន្ធអេឡិចត្រូនិក។ ក្រសួងថា នឹង ពិចារណា បើកដំណើរការសាលារៀនឡើងវិញ ឲ្យបានមុនថ្ងៃទី០១ វិច្ឆិកា ២០២០ ដែល ជាថ្ងៃចូលបវេសនកាលឆ្នាំ សិក្សាថ្មី៕