ចិន ៖ កាលពីម្សិលមិញទីក្រុងវូហាននៃប្រទេសចិន បានធ្វើតេស្តនៅលើមនុស្សបានលើសពី៣លាននាក់ហើយ ក្នុងចំណោមប្រជាជនសរុប១១លាននាក់ដើម្បីស្វែងរកការឆ្លងថ្មីនៃជំងឺកូវីដ១៩ ខណៈពួកគេមានគម្រោងធ្វើតេស្តប្រជាជនទាំងអស់នៅវូហាន បន្ទាប់ពីមានការឆ្លងលក្ខណៈជាក្រុមលេចឡើងម្ដងទៀតដែលជាសញ្ញានៃរលកទីពីរនៃជំងឺរាតត្បាតនេះ។
ទីក្រុងចិនដែលជាមជ្ឈមណ្ឌលនៃការឆ្លងរាតត្បាតជំងឺកូវីដ១៩នេះ បានបញ្ជាក់ពីគម្រោងក្នុងការធ្វើតេស្តប្រភេទអាស៊ីតនុយក្លេអ៉ិចទៅលើប្រជាជនរបស់ខ្លួន ដើម្បីស្វែងរកក្រុមអ្នកដែលមានផ្ទុកវីរុសនេះតែមិនបញ្ចេញរោគសញ្ញាឱ្យដឹងពីចំនួនជាក់លាក់មួយ។ សេចក្ដីរាយការណ៍នោះ ក៏បានបញ្ជាក់ថា ក្នុងពេលថ្មីៗនេះទីក្រុងវូហានមានការរកឃើញចំនួនអ្នកផ្ទុកវីរុសកូរ៉ូណាក្នុងខ្លួន តែមិនបញ្ចេញរោគសញ្ញានេះពីរ ទៅបីនាក់ជារៀងរាល់ថ្ងៃ។
គណៈកម្មការជាតិសុខភាពជាតិចិនបានរាយការណ៍ពីការរកឃើញករណីឆ្លងថ្មីចំនួន៤ករណីនៅថ្ងៃទី ១៤ ខែឧសភា ខណៈមុននោះមួយថ្ងៃមានតែ៣ករណីប៉ុណ្ណោះ។ករណីឆ្លងថ្មីទាំងប៉ុន្មាននេះសុទ្ធតែជាករណីឆ្លងក្នុងប្រទេសទាំងអស់ តែយ៉ាងណាចំនួនអ្នកឆ្លងមិនបញ្ចេញរោគសញ្ញាបានធ្លាក់ចុះម្នាក់ពី១២នាក់មក១១នាក់ក្នុងថ្ងៃនេះ។ គួររំលឹកផងដែរថា ចំនួនអ្នកឆ្លងសរុបនៅប្រទេសចិនទាំងមូលមានចំនួន ៨២,៩៣៣នាក់ និងចំនួនអ្នកស្លាប់គឺនៅ៤,៦៣៣នាក់ដដែល៕