ភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជា អះអាងថា គិតត្រឹមម៉ោង ៧ និង ០០ នាទី ព្រឹកថ្ងៃទី ១៦ ខែ ឧសភា ឆ្នាំ ២០២០ នេះ អ្នកជំងឺកូវីដ ១៩ ម្នាក់ ដែលជាអ្នកជំងឺចុងក្រោយគេនៅ កម្ពុជា បានជាសះស្បើយ ជាស្រ្តីជនជាតិខ្មែរ អាយុ៣៦ឆ្នាំ រស់នៅភូមិប៉ាលេឡៃ សង្កាត់ផ្សារ កណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ហេតុនេះស្ថានភាពជំងឺកូវីដ ១៩ នៅកម្ពុជា គឺជាសះស្បើយអស់ហើយចំនួន ១២២នាក់ (ស្ត្រី ៣៨ នាក់ និង បុរស ៨៤ នាក់ ) ។
ក្នុងសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាល បានបង្ហាញលម្អិតពីអត្តសញ្ញាណអ្នកជំងឺដូចតទៅ ៖
១. បុរសជនជាតិ ចិន ១ នាក់ , ស្ត្រីជនជាតិ ចិន ២ , ស្ត្រីជនជាតិ អង់គ្លេស ៣ នាក់, បុរសជនជាតិ អង់គ្លេស ២ នាក់ , បុរសជនជាតិ អាមេរិកាំង ១ នាក់ , ស្ត្រីជនជាតិ អាមេរិកាំង ១ នាក់ , បុរសជនជាតិ ប៊ែលហ្សិក ១ នាក់ , បុរសជនជាតិ បារាំង ១៩ នាក់ ( ក្នុងនោះមានទារកអាយុ ៤ ខែ ម្នាក់ ) ស្ត្រីជនជាតិ បារាំង ២១ នាក់ , បុរសជនជាតិ កាណាដា ២ នាក់ , បុរសជនជាតិ ម៉ាឡេស៊ី ១៣ នាក់ , បុរសជនជាតិ ឥណ្ឌូនេស៊ី ២ នាក់ , ស្ត្រីជនជាតិ វៀតណាម៣ នាក់ , បុរសជនជាតិ ខ្មែរ ៤៣នាក់ និង ស្ត្រីជនជាតិ ខ្មែរ ០៨ នាក់។
ទោះយ៉ាងនេះ ខណៈក្រសួងសុខាភិបាល និង អ្នកពាក់ព័ន្ធអះអាងថា កម្ពុជា នៅតែមិនបន្ធូរបន្ថយដៃ ដូចជានៅតែពិនិត្យតាមដានអ្នកដំណើរ និង ធ្វើតេស្តជាបន្តបន្ទាប់ សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល ក្រសួងសុខាភិបាល និង អង្គការសុខភាពពិភពលោក នៅតែអំពាវនាវដល់សាធារណជននៅកម្ពុជា ប្រុងប្រយ័ត្ន និង អនុវត្តឱ្យបានខ្ជាប់ខ្ជួននូវការណែនាំរបស់រាជរដ្ឋាភិបាល និង ក្រសួងសុខាភិបាល ជាដើម ជាអ្វីដែលក្រសួងសុខាភិបាល ហៅថា សភាពធម្មតា តាមបែបគន្លងថ្មី ក្នុងបរិបទប្រយុទ្ធនឹងជំងឺកូវីដ-១៩ នៅ កម្ពុជា ដូចជា អនាម័យដៃស្អាត ពាក់ម៉ាស់ ( ករណីចាំបាច់ ) គម្លាតសុវត្ថិភាពសង្គម និង គម្លតាសុវត្ថិភាពបុគ្គល ចៀសវាងការរៀបចំកម្មវិធីផឹកស៊ីដែលមានគ្នាច្រើន ។ ល ។ ពោលគឺ សាធារណជន កម្ពុជា ត្រូវតែបន្តប្រុងប្រយ័ត្នតទៅទៀត ពុំនោះទេ កម្ពុជា អាចនឹងរងការវាយប្រហារដោយរលកទី ២ នៃ ជំងឺកូវីដ ១៩ ដែលអាចជារលកខ្លាំងក្លាជាងអ្វីដែលកម្ពុជា បានរងនាពេលនេះ ។
ក្រសួងសុខាភិបាល ក៏បានប្រកាសថា សន្និសីទព័ត៌មានប្រចាំសប្តាហ៍ ក៏ត្រូវបានផ្អាកបណ្តោះអាសន្នសិនចាប់ពីថ្ងៃទី ១៧ ខែ ឧសភា ឆ្នាំ ២០២០ នេះ ហើយនឹងជម្រាបជូននៅពេលក្រោយ ប្រសិនបើមានការប្រែប្រួល ហើយក្រសួងបញ្ជាក់យ៉ាងទទូចថា ការផ្អាកនេះ មិនមែនមានន័យថា ការឆ្លងជំងឺកូវដី ១៩ នៅកម្ពុជា បានចប់សព្វគ្រប់ទេ ហេតុនេះ គឺត្រូវបន្តការប្រុងប្រយ័ត្នតទៅទៀតជាដាច់ខាត ៕