ភ្នំពេញ ៖ កិច្ចប្រជុំមន្ត្រីជាន់ខ្ពស់ការពារជាតិអាស៊ាន អ៊ែតសុំ (ADSOM) តាមរយៈវីដេអូ ខន់ហ្វ្រែន ត្រូវបានប្រារព្ធធ្វើនៅព្រឹកថ្ងៃទី១៥ ខែឧសភា ដែលកិច្ចប្រជុំនេះ ដឹកនាំដោយ លោកនាយឧត្តមសេនីយ៍ ណឹម សុវត្ថិ ទីប្រឹក្សាពិសេសសម្ដេចពិជ័យសេនា ទៀ បាញ់ និងជាអគ្គ នាយក អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេសក្រសួងការពារជាតិ និងជាប្រធាន អ៊ែតសុំ – ( ADSOM )។
កិច្ចប្រជុំមន្ត្រីជាន់ខ្ពស់ការពារជាតិអាស៊ាន តាមវីដេអូ ខន់ហ្វ្រែន ត្រូវបានដឹកនាំកិច្ចប្រជុំ ដោយប្រទេសវៀតណាម ដែលជាម្ចាស់ផ្ទះ និងជាប្រធានកិច្ចប្រជុំអាស៊ានក្នុងឆ្នាំ ២០២០ នេះ ។ កិច្ចប្រជុំមន្ត្រីជាន់ខ្ពស់ការពារជាតិអាស៊ាន នាពេលនេះ បានប្រព្រឹត្តទៅតាម របៀប វារៈរបស់ខ្លួន ដោយបានផ្តោតសំខាន់ទៅលើការប្រយុទ្ធប្រឆាំងជំងឺកូវីដ ១៩ ដែលជំងឺនេះ បានកំពង់ឆ្លងរីករាលដាលនៅប្រទេសក្នុងតំបន់ និងលើពិភពលោក ។
ថ្លែងបើកកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់ការពារជាតិអាស៊ាន ឧត្តមសេនីយ៍ឯក ង្វៀន ជីវីញ អនុរដ្ឋ មន្ត្រី ការពារប្រទេសវៀតណាម បានលើកឡើងពីការប្រឈមមុខជាសកល ទៅនឹងជំងឺ កូវីដ ១៩ ដែលបណ្តាប្រទេសអាស៊ានកំពុងជួបប្រទះ នឹងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩ នេះ។ លោក ក៏បានសំដែងការសោក្ខស្តាយ ចំពោះការបាត់បង់អាយុជីវិត របស់ប្រជា ពលរដ្ឋក្នុងបណ្តាប្រទេសអាស៊ាន ដោយសារជំងឺកូវីដ១៩ ។នៅក្នុងកិច្ចប្រជុំនោះ ក៍បានធ្វើ ការផ្លាស់ប្តូរទស្សនៈ គ្នាទៅវិញទៅមក ដោយបានផ្តោតទៅលើបញ្ហាសន្តិសុខក្នុងតំបន់ និងអន្តរជាតិក្នុងបរិបទ នៃការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ និងក្រោយជំងឺកូវីដ ១៩ព្រម ទាំងកិច្ចសហប្រតិបត្តិ ការ លើវិស័យការពារជាតិ ។
នាយឧត្តមសេនីយ៏ ណឹម សុវត្ថិ បានចូលរួមសំដែងនូវការរំលែក ទុក្ខជាមួយ រដ្ឋាភិបាល និងប្រជាជននៃរដ្ឋជាសមាជិកអាស៊ាន ដែលបានបាត់បង់ជីវិត ដោយសារជំងឺ កូវីដ១៩ ក្នុងពេលកន្លងមក ។ លោក ណឹម សុវត្ថិ បានបញ្ជាក់ថា៖ នៅពេលដែលជំងឺ កូវីដ១៩ បានឆ្លងរីករាលដាលយ៉ាងឆាប់រហ័សនៅពាសពេញពិភពលោក បានធ្វើឲ្យប៉ះ ពាល់ដល់ដំណើរការអភិវឌ្ឍន៍ និងការរីកចំរើនរបស់បណ្ដាប្រទេសអាស៊ាន មិនត្រឹមតែ ផ្នែក វិស័យសុខាភិបាល ប៉ុណ្ណោះទេ តែជំងឺកូវិដ១៩ បានធ្វើអោយប៉ះពាល់ដល់វិស័យ ផ្សេងៗ ទៀត ដូចជា វិស័យទេសចរណ៍ ពាណិជ្ជកម្ម ហិរញ្ញវត្ថុ ឧស្សាហកម្ម ជាពិសេស វិស័យសន្តិសុខ និង ជីវភាពរស់នៅរបស់ប្រជាជនអាស៊ានទាំងមូល ។
ឆ្លៀតក្នុងឱកាសនោះដែរ លោកប្រធានអ៊ែដសុំ ក៏បានថ្លែងអំណរគុណដល់ ក្រសួង ការពារប្រទេស នៃសាធារណរដ្ឋសង្គមនិយមវៀតណាមដែលបានផ្ដល់នូវសម្ភារៈ បរិក្ខារ ពេទ្យសំរាប់ចូលរួមទប់ស្កាត់ និងបង្ការជំងឺវីដ ១៩ នៅកម្ពុជាផងដែរ៕