អ៊ីតាលី​នឹង​បើកទទួល​ភ្ញៀវទេសចរ​ឡើងវិញ​នៅ​ដើមខែក្រោយ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 18 May, 2020 ក+ ក-

​រ៉ូម ៖ រដ្ឋាភិបាល​បាន​និយាយ​កាលពី​ថ្ងៃ​សៅរ៍ថា ​ប្រទេស​អ៊ីតាលី​នឹង​បើក​ភ្ញៀវទេសចរ​ឡើងវិញ​នៅ​ដើមខែ​មិថុនា​នេះ ដោយ​មិនចាំបាច់​នៅ​ដោយឡែក​រយៈពេល​១៤​ថ្ងៃ​ទៀត​ទេ ក្នុង​គោលបំណង​ជំរុញ​ការចាកចេញ​ពី​ការ​ឃុំឃាំង​បណ្ដាលមកពី​ជំងឺ​កូ​វីដ​១៩​។​ នេះ​បើ​យោង​ប្រភពពី CNA​។​

​កាលពីដើម​ខែមីនា​កន្ល​ង​ទៅនេះ ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​រាតត្បាត​កូ​វីដ​១៩​ដែល​មកដល់ពេលនេះ​បានសម្លាប់​មនុស្ស​ច្រើនជាង​៣១,៥០០​នាក់ នាយករដ្ឋមន្ត្រី Giuseppe Conte បាន​រឹតបន្តឹង​ការធ្វើដំណើរ​របស់​ប្រជាជន និង​បិទ​ដំណើរការ​អាជីវកម្ម​មួយចំនួនធំ​ដែល​ធ្វើឱ្យប៉ះពាល់​ដល់​សេដ្ឋកិច្ច​យ៉ាងខ្លាំង​។​

​លោក Conte បាន​និយាយ​នៅក្នុង​សុន្ទរកថា​តាម​ទូរទស្សន៍​មួយ​ថា ​ការ​រឹតបន្តឹង​ការធ្វើដំណើរ​ក្នុងប្រទេស​អ៊ីតាលី​នេះ បានធ្វើឱ្យ​ការធ្វើដំណើរ​លក្ខណៈ​ទេសចរណ៍​ទាំងអស់​ត្រូវបាន​ផ្អាក ខណៈដែល​ប្រទេស​នេះ​ជា​ប្រទេស​ដែល​ពឹងផ្អែក​យ៉ាងខ្លាំង​លើ​ឧស្សាហកម្ម​ទេសចរណ៍​។​

​ទោះបីជា​អ៊ីតាលី​មិនបាន​បិទ​ព្រំដែន​ប្រទេស​គេ​ជា​ផ្លូវការ និង​នៅតែ​អនុញ្ញាតឱ្យ​ប្រជាជន​ធ្វើដំណើរ​ទៅធ្វើ​ការ និង​ក្រោម​ហេតុផល​សុខភាព​ក៏ដោយ រដ្ឋាភិបាល​បាន​ហាមឃាត់​ការធ្វើដំណើរ​លក្ខណៈ​ទេសចរ និង​តម្រូវឱ្យធ្វើ​ការដាក់​នៅ​ដោយឡែក​រយៈពេល​១៤​ថ្ងៃ​សម្រាប់​អ្នក​ដែល​ចូលមកក្នុង​ប្រទេស​អ៊ីតាលី​ទាំងអស់​។​

​សូមជម្រាបថា ចាប់ផ្ដើម​ពីថ្ងៃ​ទី​៣ ខែមិថុនា​តទៅ អ៊ីតាលី​នឹង​បើក​ដំណើរ​កន្លែងកម្សាន្ត​ទាំងអស់​ ដោយ​មិនចាំបាច់​ឆ្លងកាត់​ការដាក់​នៅ​ដោយឡែក​។ ទោះបី​ប្រជាជន​អ៊ីតាលី​នឹង​អាចធ្វើ​ដំណើរ​ឆ្លងកាត់​ពី​តំបន់​មួយ​ទៅ​តំបន់​មួយ​ដោយ​សេរី​យ៉ាងណាក្ដី អាជ្ញាធរ​តំបន់​នីមួយៗ​នៅតែ​អាច​ហាមឃាត់​ការធ្វើដំណើរ​បាន​ដដែល​បើសិនជា​មានការ​កើនឡើង​នៃ​ករណី​ឆ្លង​ឡើងវិញ​៕