ប្រទេសអឺរ៉ុបចំនួន១១ ព្រមព្រៀងគ្នាឈានទៅបើកព្រំដែនឡើងវិញ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 19 May, 2020 ក+ ក-

អឺរ៉ុប ៖ រដ្ឋមន្ត្រីការបរទេសមកពីបណ្តាប្រទេសអឺរ៉ុបចំនួន១១ បានឈានដល់កិច្ចព្រមព្រៀងគ្នាលើលក្ខខណ្ឌមួយចំនួនសម្រាប់ការបើកព្រំដែន និងស្ដារសេរីភាពធ្វើដំណើររបស់ប្រជាជនឡើងវិញ ខណៈវិធានការរឹតត្បិតប្រឆាំង COVID-19 ត្រូវបានបន្ធូរបន្ថយ។ នេះបើតាមទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ។

ក្រុមរដ្ឋមន្ត្រីការបរទេសអឺរ៉ុបទាំង ១១ប្រទេសបានបញ្ជាក់ថា ការបើកព្រំដែន និងស្ដារសេរីភាពធ្វើដំណើររបស់ប្រជាជនអឺរ៉ុបឡើងវិញ នឹងត្រូវធ្វើទៅតាមដំណាក់កាល ក្រោមកិច្ចសម្របសម្រួលពីបណ្ដាប្រទេសជាសមាជិកសហភាពអឺរ៉ុប និងត្រូវធ្វើឡើងដោយសន្សឹមៗ ដើម្បីកុំឱ្យការឆ្លង COVID-19 ស្ថិតនៅក្រៅការគ្រប់គ្រង។

បន្ថែមពីលើនេះ ឈរលើគោលការណ៍ស្មើភាព និងគ្មានការរើសអើង ក្រុមរដ្ឋមន្ត្រីការបរទេសអឺរ៉ុបទាំងនេះ ក៏បានឯកភាពគ្នាផងដែរថា ទោះបីជាជំងឺ COVID-19 នៅតែបន្តឆ្លងរាតត្បាតក៏ដោយ ក៏អឺរ៉ុបចាំបាច់ត្រូវតែឆ្ពោះទៅមុខដដែល។

ការព្រមព្រៀងគ្នាខាងលើនេះ ត្រូវបានធ្វើឡើងនៅក្នុងកិច្ចប្រជុំតាមវីដេអូខុនហ្វេរិន ដោយមានការចូលរួមពីសំណាក់ រដ្ឋមន្ត្រីការបរទេសមកពីអាល្លឺម៉ង់, អូទ្រីស, ប៊ុលហ្គារី, សាយប្រឹស (Cyprus), ក្រូអាត, អេស្ប៉ាញ, ក្រិក, អ៉ីតាលី, ម៉ាល់តា, ព័រទុយហ្គាល់ និងស្លូវេនី៕