កាកបាទក្រហមកម្ពុជាខេត្តកំពង់ចាមបន្តទទួលមូលនិធិពីសប្បុរសជនបានជាង២៦ម៉ឺនដុល្លារ 
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 19 May, 2020 ក+ ក-

ខេត្តកំពង់ចាម ៖ នៅស្នាក់ការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម នារសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០នេះ លោក អ៊ុន ចាន់ដា អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាមរួមនឹងថ្នាក់ដឹកនាំគណៈកម្មាធិការសាខាបានអញ្ជើញទទួលមូលនិធិពីសប្បុរសជន និងប្រជុំត្រួតពិនិត្យការងារទទួលវិភាគទានពីសប្បុរសជនក្នុងការជួយទ្រទ្រង់ដល់សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម ផងដែរ។

ក្នុងនាមជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានថ្លែងអំណរគុណដល់ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី អ្នកនាង កញ្ញា ជាក្រុមការងារចុះជួយខេត្ត សមាជិកព្រឹទ្ធសភា រដ្ឋសភា មន្ត្រីរាជការ និងវិស័យឯកជនក្នុងខេត្តទាំងអស់ដែលបានចូលរួមបរិច្ចាគវិភាគទានជួយទ្រទ្រង់ដល់សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម។ ទន្ទឹមនោះលោកក៏បានអំពាវនាវដល់សប្បុរសជនជាតិ និងអន្តរជាតិសូមចូលរួមចំណែកជាថវិកា និងសម្ភារៈបន្តទៅទៀតដើម្បីទ្រទ្រង់ដល់វិស័យមនុស្សធម៌នៅក្នុងខេត្តកំពង់ចាមផងដែរ។

គួររំលឹកថា ឆ្នាំនេះផ្អែកតាមស្ថានភាពដែលពិភពលោកក៏ដូចជាព្រះរាជាណាចក្រកម្ពុជាកំពុងខិតខំប្រឹងប្រែងក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ កាកបាទក្រហមកម្ពុជាបានណែនាំដល់សាខាកាកបាទក្រហមទាំង២៥រាជធានី ខេត្តដែលត្រូវគៀងគរមូលនិធិក្នុងឱកាសអបអរសាទរខួបលើកទី១៥៧ ទិវាពិភពលោក កាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២០ ក្រោមប្រធានបទ “ខ្ញុំស្រលាញ់សន្តិភាព និងកាកបាទក្រហមកម្ពុជា” ជាពិសេស តបតាមអនុសាសន៍ របស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ពុំចាំបាច់រៀបចំអង្គពិធីមេទ្ទីង ឬពិធីណាមួយដែលប្រមូលផ្ដុំមនុស្សឡើយ តែសុំធ្វើសេចក្ដីអំពាវនាវថ្នាក់ខេត្ត ស្វែងរកការចូលរួមគាំទ្រ និងបរិច្ចាកដោយស្ម័គ្រចិត្តពីសប្បុរសជនផងដែរ។

គួរបញ្ជាក់ផងដែរថា គិតមកត្រឹមថ្ងៃទី១៨ ខែឧសភានេះ សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម បានទទួលថវិកាពីសប្បុរសជននានាបានជាង២៦ម៉ឺនដុល្លាហើយ៕ ដោយ ៖ ប៉ែន សុផល