ចិន ប្រកាស​ចែកចាយ​វ៉ាក់សាំង​ការពារកូរ៉ូណា ​នៅទូទាំង​ពិភពលោក
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 19 May, 2020 ក+ ក-

ប៉េកាំង ៖ លោក ស៊ី ជិនពីង ប្រធានាធិបតី​បាន​សន្យា​ថា ចិន​នឹង​ផលិត​វ៉ាក់សាំងប្រឆាំងវីរុសកូរ៉ូណាហើយចែកចាយនៅទូទាំងពិភពលោក ខណៈដែលការ​ថ្លែងនេះ ធ្វើឡើង​ក្នុងកិច្ចប្រជុំសភា​របស់​អង្គការ​សុខភាព​ពិភពលោក តាមរយៈវីដេអូពីចម្ងាយ កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ​២០២០។ នេះបើយោងតាមសារព័ត៌មាន Bloomberg។

លោក​បញ្ជាក់​យ៉ាង​ដូច្នេះថា៖ «ការ​អភិវឌ្ឍ​វ៉ាក់សាំង​ការពារជំងឺកូវីដ១៩ នៅពេល​ដែលផលិតរួចប្រើប្រាស់​បាន នោះវានឹង​ក្លាយ​ជាវ៉ាក់សាំង​សាធារណៈសកល។ វានឹង​ក្លាយ​ជាការរួម​ចំណែក​របស់ចិន ក្នុងការ​ធានានូវវ៉ាក់សាំង​ដែល​អាចលៃលក​ប្រើប្រាស់​បាន​ក្នុងបណ្តា​ប្រទេស​កំពុង​អភិវឌ្ឍ»។

ជាមួយគ្នានេះ លោក ស៊ី ជិនពីង ក៏បា​ន​ជំរុញ​ឱ្យ​បង្កើន​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ​ក្នុងការប្រយុទ្ធ​នឹង​ជំងឺរាតត្បាត​។ លោក​បញ្ជាក់ដែរថា ចិន​គាំទ្រអង្គការ WHO ពេញទំហឹង ហើយ​នឹង​ផ្តល់ជំនួយ ២ពាន់លានដុល្លារ ក្នុងរយៈពេល២ឆ្នាំ ដើម្បីគាំទ្រ​ដល់​ការប្រយុទ្ធនឹងជំងឺនេះ៕