ភ្នំពេញ ៖ រថយន្តទំនើប១គ្រឿង បានរងការខូចខាតផ្នែកខាងក្រោយ ដោយសារដើមក្ងោកមួយដើមបានដួលរលំរលើងទាំងឬសសង្កត់លើ ខណ:មេឃធ្លាក់ភ្លៀងមួយមេ និងខ្យល់កន្ទ្រាក់ បោកបក់យ៉ាងខ្លាំង នៅសង្កាត់ផ្សារដេប៉ូទី៣ កណ្តាលរាជធានីភ្នំពេញ។
ហេតុការណ៍ នេះបង្កអោយមានការកកស្ទះចរាចរណ៍ កាលពីវេលាម៉ោង៥និង៣០នាទីល្ងាច ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០ ចំណុចស្តុបសន្ធរម៉ុក ស្ថិតនៅតាមបណ្ដោយ មហាវិថីម្ពុជាក្រោម ក្នុងសង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ទោះបីជាយ៉ាងណា គ្រោះថ្នាក់នេះពុំបណ្តាលអោយមនុស្សរងរបូសឡើយ ។
រថយន្ត ដែល ត្រូវដើមឈើ រលំសង្កត់ពីលើនេះ ម៉ាកម៉ាក់ Mazda សេរីទំនើបមួយគ្រឿង ពណ៌ស ពាក់លេខភ្នំពេញ 2AC-5776 បើកបរ ដោយបុរសម្នាក់មិនស្គាល់អត្តសញ្ញាណឡើយ។
តាមព័ត៌មានអោយដឹងថា នៅមុនពេលកើតហេតុគេឃើញ រថយន្ត មួយគ្រឿង ខាងលើ ធ្វើដំណើរ នៅតាមដងផ្លូវ កម្ពុជាក្រោមក្នុងទិសដៅពីកើតទៅលិច ខណះពេល ដែលភ្លៀង កំពង់តែ បង្អុរធ្លាក់ និងលាយឡំនិងខ្សល់កន្ទ្រាក់។ នៅពេល ធ្វើដំណើរ សុខៗ ស្រាប់តែ ដើមក្ងោកមួយដើមប៉ុនខ្លួនមនុស្ស ក៍បានរលើងទាំងឬសដួលរំលំសង្កាត់ពីលើចំផ្នែកខាងក្រោយរថយន្តតែម្តង ។នៅក្នុងគ្រោះថ្នាក់នេះពុំបណ្តាលអោយអ្នកបើកបរ រងរបួសឡើយ គីគ្រាន់តែបណ្តាលអោយរថយន្តបានរងការខូចខាតតែប៉ុណ្ណោះ។
បន្ទាប់ពីមានគ្រោះថ្នាក់គេឃើញ នគរបាលព្រមទាំងអាជ្ញាធរ សង្កាត់ និង ខណ្ឌទួលគោក ក៍បានចុះទៅធ្វើចរាចរណ៍ ហើយ ក៍បានកាត់ដើមឈើយកចេញដើម្បីសម្រួលចរាចរណ៍ឡើងវិញ ។ជុំវិញគ្រោះថ្នាក់នេះ គេពុំដឹងថាខាងណា ជាអ្នកទទួលខុសត្រូវឡើយ ។
គួរបញ្ជាក់នៅវេលាម៉ោងប្រមាណ៥រសៀល ភ្លៀងបានបង្អុរធ្លាក់យ៉ាងខ្លាំង ចំកណ្តាលរាជធានីភ្នំពេញរួមទាំងមានខ្យល់បោកបកយ៉ាងខ្លាំង។ដោយសារតែ ដើមក្ងោកមួយដើមនោះ ពុកផុយ ឬសបណ្តាលរលើងទាំងជំហរតែម្តង ។ នៅល្ងាចនោះ នៅតាមដងផ្លូវនានាក៍ត្រូវភ្លៀងលិចខ្លះៗផងដែរ ៕