ឡាវសម្រេចបើកសាលារៀនឡើងវិញទាំងអស់នៅដើមខែមិថុនា
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 20 May, 2020 ក+ ក-

វៀងចន្ទ ៖ រដ្ឋាភិបាលឡាវបានប្រកាសថា សិស្សទាំងអស់ទូទាំងប្រទេស អាចត្រឡប់ទៅសាលារៀនវិញបាន នៅថ្ងៃទី០២ ខែមិថុនា ខណៈថ្នាក់សិក្សាឆ្នាំចុងក្រោយ សម្រាប់ថ្នាក់បឋម, អនុ និងវិទ្យាល័យ បានចាប់ផ្ដើមចូលរៀនកាលពីថ្ងៃចន្ទ ខណៈវិធានការរឹតត្បិតប្រឆាំង COVID-19 ត្រូវបានបន្ធូរបន្ថយ។ នេះបើតាមទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ។

បើតាមសេក្ដីប្រកាសចេញផ្សាយដោយ ការិយាល័យនាយករដ្ឋមន្ត្រីឡាវ កាលពីពេលថ្មីៗនេះ គ្រឹស្ថានសិក្សទាំងរដ្ឋ និងឯកជន ចាប់ពីថ្នាក់មតេយ្យ រហូតដល់ថ្នាក់ឧត្ដមសិក្សា អាចនឹងបើកទ្វារឡើងវិញនៅថ្ងៃទី០២ ខែមិថុនា ក្រោមការអនុវត្តវិធានការរឹតត្បិតមួយចំនួន។ ចំណែកថ្នាក់បឋមសិក្សាមួយចំនួនធំ ព្រមទាំងអនុវិទ្យាល័យ និងវិទ្យាល័យ បានបើកទ្វារឡើងវិញហើយកាលពីថ្ងៃចន្ទ សម្រាប់សិស្សដែលត្រៀមខ្លួនប្រឡងចូលថ្នាក់ ឧត្តមសិក្សានៅតាមសាកលវិទ្យាល័យនានា។

គួរបញ្ជាក់ថា ឡាវត្រូវបានចាត់ទុកជាប្រទេស ដែលមានករណីឆ្លង COVID-19 ទាបជាងគេបំផុត ប្រចាំប្រទេសអាស៊ានទាំង១០ ដោយប្រទេសក្នុងតំបន់អាស៊ានមួយនេះមានអ្នកឆ្លង១៩នាក់ និងជាសះស្បើយឡើងវិញ១៤នាក់៕