ដោយ ៖ កូវ ប៊ុនហេង
ខេត្តព្រះវិហារ ៖ ស្ថាបត្យករខ្មែរជំនាន់ថ្មី នៃសម្តេចតេជោ សែន ដឹកនាំ បានសាងសង់រូបសំណាកគោបូរៈទី៥ នៃប្រាសាទព្រះវិហារ ដែលជាមរតកវប្បធម៌ដ៏មានតម្លៃ របស់មនុស្សជាតិទូទៅ នៅលើរង្វង់មូលថ្មីមួយ ដែលពីមុនមកមិនធ្លាប់មាននោះទេ។ ក៏ប៉ុន្តែ ពេលនេះស្នាដៃឯករបស់កូនខ្មែរសម័យថ្មី បានបង្ហាញសមត្ថភាពយ៉ាងពិតប្រាកដ និងចង់ប្រាប់ទៅកាន់ពិភពលោកថា កូនខ្មែរពិតជាមិនអន់នោះទេ។
កំណត់ត្រាប្រវត្តិសាស្ត្រថ្មី នៃរូបចំណាកគោបូរៈទី៥ ប្រាសាទព្រះវិហារ ត្រូវបានសាងសង់ឡើង ក្នុងរចនាបថខ្មែរសុទ្ធសាធ នៅលើរង្វង់មូលដ៏ថ្មីស្រឡាងមួយ គឺរង្វង់មូលស្រអែម ត្រង់ចំណុចផ្លូវប្រសព្វគ្នាជា៣ ស្ថិតក្នុងឃុំស្រអែម ស្រុកជាំក្សាន្ត នៃដែនដីខេត្តព្រះវិហារ។
សំណង់ដ៏គួរជាទីស្ងប់ស្ញែងនេះ បានចាប់សាងសង់ឡើង កាលពីថ្ងៃទី១១ខែធ្នូឆ្នាំ២០១៨ និងបានបញ្ចប់នូវការសាងសង់ នៅពាក់កណ្តាលខែឧសភាឆ្នាំ២០២០នេះ ក្រោមគម្រោងស្ថាបនារបស់ មន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តព្រះវិហារ ដែលមានលោក សំ លាងទ្រី ជាប្រធាន និងជាអ្នកដឹកនាំការស្ថាបនា ក្រោមការចំណាយថវិកាអស់ ប្រមាណជាង ១២ម៉ឺនដុល្លារអាមេរិក ដែលបានមកពីការរួមបញ្ចូលគ្នា របស់ថ្នាក់ដឹកនាំជាន់ខ្ពស់ នៃរដ្ឋបាលជាតិ និងរដ្ឋបាលខេត្តព្រះវិហារ។
ដែនដី នៃស្រុកជាំក្សាន្ត ជាប់ព្រំដែនកម្ពុជា-ថៃ ត្រូវគេដឹងថា គឺជាសមរភូមិប្រយុទ្ធដ៏ក្តៅគគុកមួយ រវាងកងទ័ពព្រៃ និងកងទ័ពរដ្ឋាភិបាលកម្ពុជា នាសម័យអតីតកាល។ រីឯការធ្វើដំណើរទៅកាន់ស្រុកដាច់ស្រយាលមួយនេះ គឺពោពេញទៅដោយការលំបាកស្មុគស្មាញ ទាំងសន្តិសុខ សុវត្ថិភាព ហើយត្រូវចំណាយពេលវេលាក្នុងការធ្វើដំណើរ យ៉ាងហោចណាស់ក៏៣ថ្ងៃនោះដែរ នៅលើកំណាត់ផ្លូវចេញពីទីរួមខេត្ត ប្រមាណ ៨៥គីឡូម៉ែត្រ។ ប៉ុន្តែ នាសម័យកាលបច្ចុប្បន្ន ក្រោមការដឹកនាំដ៏ប៉ិនប្រសព្វ នៃសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន តំបន់ព្រំដែនដែលស្ថិតនៅទីដាច់ស្រយាលនោះ បានប្រែក្លាយមកជាជិតបង្កើយ ក្រោមការរួមគ្នាគិត និងរួមគ្នាធ្វើ កសាង និងអភិវឌ្ឍន៍ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ ស្ពាន ផ្លូវ លូ និងសំណង់អគារ សួនច្បារ សាលារៀន មន្ទីរពេទ្យ រីកយ៉ាងស្អេកស្កះ បាននិងកំពុងរះលើដែនដីចាស់ ហើយបានផ្លាស់ប្តូរសម្រស់ ដ៏គួរជាទីគយគន់ និងទាក់ទាក់ទាញ ស្របពេលដែលសំណង់រូបគោបូរៈទី៥ នៃប្រាសាទព្រះវិហារ បាននិងកំពុងដុះឡើងយ៉ាងស្រស់បំព្រង នៅលើទឹកដីជាយដែន ជាប់ព្រំដែនប្រទេសថៃ របស់ថ្នាក់ដឹកនាំខេត្តគ្រប់លំដាប់ថ្នាក់ និងគ្រប់ជំនាន់ នាប៉ុន្មានឆ្នាំចុងក្រោយនេះ។
លោក សំលាង ទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានថ្លែងប្រាប់អ្នកសារព័ត៌មានថា ស្ថាបត្យករខ្មែរ នាសម័យសម្តេចតេជោ សែន បានសង់សំណង់រូបសំណាកគោបូរៈទី៥ នៃប្រាសាទព្រះវិហារ ដែលជាសំណង់ថ្មីមួយ សង់ក្នុងរចនាបថខ្មែរសុទ្ធសាធ ដែលជានិមិត្តរូបនៅក្នុងកំណត់ត្រាប្រវត្តិសាស្ត្រ របស់ដូនតាខ្មែរបានបន្សល់ទុកអោយ ហើយសំណង់នេះត្រូវបានសាងសង់ នៅលើរង្វង់មូលស្រអែម នៃចំណុចប្រសព្វផ្លូវបំបែកជា៣ នៃឃុំស្រអែម ស្រុកជាំក្សាន្ត។
ដោយឡែក រង្វង់មូលថ្មីនេះ សង់នៅលើអង្កត់ផ្ចិត៤០ម៉ែត្រ និងរូបសំណាកគោបូរៈទី៥ សង់ឡើងក្នុងខ្នាត១លើ២៥ ស្មើ៧៥ភាគរយ តួរដើម នៃប្រាសាទព្រះវិហារ ដោយមានរូបនាគ២ នៅអមសងខាងផ្លូវចូល ហើយនៅលើរង្វង់មូលនេះទៀត ក៏មានសួនកំសាន្ត កន្លែងហាត់ប្រាណ មានការដាំដើមឈើ ផ្កា និងដាំស្មៅ ដើម្បីលំអរយ៉ាងស្រស់ស្អាត ថែមទៀតផង។ លោកបានបន្តថា សំណង់នេះបានសាងសង់ឡើង ចាប់ពីថ្ងៃទី២០ខែធ្នូ ឆ្នាំ២០១៨ និងបានបញ្ចប់ការសាងសង់ ១០០ភាគរយ នៅពាក់កណ្តាលខែឧសភាឆ្នាំ២០២០នេះ ដែលត្រូវចំណាយទឹកប្រាក់អស់ ១២ម៉ឺន ៥ពាន់ដុលា្លរអាមេរិក ក្រោមការជ្រោមជ្រែងពី លោកទេសរដ្ឋមន្ត្រី មាស សុភា និងក្រុមការងារ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន រួមជាមួយសហការី តំណាងរាស្ត្រមណ្ឌលព្រះវិហារ លោក សួស យ៉ារ៉ា អតីតអភិបាលខេត្តព្រះវិហារ លោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ លោក ប្រាក់ សុវណ្ណ អាជ្ញាធរជាតិប្រាសាទព្រះវិហារ មេបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ ប្រចាំទិសទី១ ប្រាសាទព្រះវិហារ លោកឧត្ដមសេនីយ៍ឯក ស្រី ឌឹក និងរូបលោក សំ លាងទ្រី ផ្ទាល់ ដែលជាប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ ព្រមទាំងសប្បុរសជននានា ជាច្រើនទៀត ផងដែរ។
លោក សំ លាងទ្រី បានបន្ថែមថា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានសម្រេចអោយមន្ទីរសាធារណការខេត្ត ប្រើប្រាស់ថវិកាជាតិ ដើម្បីពង្រីកផ្លូវនៅជុំវិញរង្វង់មូលនេះ អោយបានល្អ និងធំទូលាយ ថែមទៀតផង។ លោកថា សំណង់រូបសំណាកគោបូរៈទី៥ នៃប្រាសាទព្រះវិហារ គឺជាសមិទ្ធផលមួយយ៉ាងថ្មីស្រឡាង ដែលបាននិងកំពុងដុះនៅលើដែនដីចាស់ តែផ្លាស់ប្តូរមុខមាត់ថ្មី ហើយលោកជឿថា ស្នាដៃរបស់ស្ថាបត្យករខ្មែរ នាសម័យថ្មីនេះ នឹងដក់ជាប់ ស្ថិតនៅក្នុងស្រទាប់ដួងចិត្ត នៃមនុស្សជំនាន់ក្រោយៗ ពិសេស សម្រាប់ប្រជាពលរដ្ឋ ខេត្តព្រះវិហារយើងនេះ៕