ធនាគារ អេស៊ីលីដា ថែមទូរអេធីអឹម ចំនួន ១១៥ គ្រឿងទៀតដើម្បីបំពេញតម្រូវការអតិថិជន
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 20 May, 2020 ក+ ក-

ភ្នំពេញ ៖ ដើម្បីឆ្លើយតបនឹងតម្រូវការអតិថិជនប្រើប្រាស់បណ្ដាញប្រតិបត្តិការម៉ាស៊ីនអេធីអឹម ហៅកាត់ថាទូរអេធីអឹម ធនាគារអេស៊ីលីដា បានបន្ថែមទូរអេធីអឹមចំនួន ១១៥បន្ថែមទៀត ពីលើម៉ាស៊ីនអេធីអឹមដែលមានស្រាប់នាពេលបច្ចុប្បន្ននេះ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ធនាគារអេស៊ីលីដា ភីអិលស៊ីលីដា នៅថ្ងៃទី១៩ ខែឧសភា ២០២០ នេះ បានអោយដឹងថា ដើម្បីបំពេញនូវតម្រូវការស្របតាមយុទ្ធសាស្រ្តឌីជីថល ព្រមទាំងពង្រីក នូវវិសាលភាព គាំទ្រនូវការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាលើសេវាហិរញ្ញវត្ថុជូនអតិថិជន និងសាធារណជន ឲ្យកាន់តែទូលំទូលាយ ធនាគារ អេស៊ីលីដា ភីអិលស៊ី បានបន្ថែមនូវបណ្តាញប្រតិបត្តិការម៉ាស៊ីនអេធីអឹម អេស៊ីលីដា ចំនួន ១១៥គ្រឿង ចាប់ពីខែឧសភា ឆ្នាំ២០២០នេះ ដែលសរុបទាំងអស់ចំនួន ៧៥១គ្រឿង នៅទូទាំងប្រទេស ដើម្បីបម្រើជូនសាធារណជនអាចធ្វើប្រតិបត្តិការសេវាធនាគារ បានគ្រប់ពេលវេលា (២៤ម៉ោងក្នុងមួយថ្ងៃ និង៧ថ្ងៃក្នុងមួយសប្តាហ៍) មានលក្ខណៈងាយស្រួល និងសុវត្ថិភាពខ្ពស់បំផុត។

លោកបណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិ ធនាគារ អេស៊ីលីដា ភីអិលស៊ី បានបញ្ជាក់ថា “មានរយៈពេល១៣ឆ្នាំ គិតចាប់ពីឆ្នាំ២០០៧ ដែលធនាគារ អេស៊ីលីដា ភីអិលស៊ី បានដាក់ឱ្យដំណើរការ ប្រើប្រាស់ម៉ាស៊ីនអេធីអឹម អេស៊ីលីដា ជូនអតិថិជនធ្វើប្រតិបត្តិការសេវាកម្មធនាគារបានយ៉ាងរហ័ស ដោយអតិថិជនអាចជ្រើសរើសទីតាំងដែលនៅជិតបំផុត ជំនួសឱ្យការធ្វើដំណើរមកកាន់ការិយាល័យ ធនាគារ។ បន្ថែមពីនេះទៀត ស្របតាមយុទ្ធសាស្រ្តរបស់ធនាគារ យើងខ្ញុំនឹងអភិវឌ្ឍនូវមុខងាររបស់ ម៉ាស៊ីនអេធីអឹម ឱ្យកាន់តែច្រើនបន្ថែមទៀត ដើម្បីបម្រើនូវសេវាហិរញ្ញវត្ថុយ៉ាងសំបូរបែប ជូនអតិថិជន និងសាធារណជន ស្របតាមយុគសម័យឌីជីថល ។

គួរបញ្ជាក់ថា ធនាគារអេស៊ីលីដា ភីអិលស៊ីផ្ដើមចេញពីទុនប្រមាណ៦៣ម៉ឺនដុល្លាររហូតដល់មានទុនម្ចាស់ទ្រព្យជាង៩០០លានដុល្លារអាមេរិក និងបានពង្រីកខ្លួនធ្វើប្រតិបត្តិការនៅក្រៅប្រទេសផងដែរ ក្នុងនោះមានប្រទេសឡាវ និងប្រទេសមីយ៉ាន់ម៉ា ។

មិនត្រឹមតែប៉ុណ្ណោះទេ ធនាគារអេស៊ីលីដា ក៏បានបន្តអភិវឌ្ឍន៍ខ្លួនអោយក្លាយជាធនាគារឈានមុខគេមួយជំហានទៀតគឺការគ្រោងបោះផ្សាយមូលបត្រកម្មសិទ្ធិជាសាធារណៈនៅក្នុងផ្សារមូលបត្រកម្ពុជាផងដែរ ហើយការប្រកាសជាផ្លូវការនៃការបោះផ្សាយលក់ភាគហ៊ុននេះនឹងត្រូវធ្វើឡើងនៅក្នុងខែឧសភា ២០២០ នេះផងដែរ ៕