ចិន​ប្រកាស​រកឃើញ​អ្នក​ឆ្លង​កូ​វិដ​១៩​ថ្មី​ចំនួន ២​ករណី​បន្ថែមទៀត
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 21 May, 2020 ក+ ក-

ចិន ៖ គណៈកម្មការ​សុខភាព​ជាតិ (NHC) បាន​រាយការណ៍​នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី ២១ ខែឧសភា ឆ្នាំ​២០២០​នេះ​ថា ប្រទេស​ចិន​បាន​កត់ត្រា​ករណី​ឆ្លង​កូ​វិដ​១៩​ថ្មី​ចំនួន​២​ករណី​កាលពី​ថ្ងៃ​ម្សិលមិញ ប៉ុន្តែ​មិនមាន​ករណី​ស្លាប់​ថ្មី​នោះទេ។​ នេះ​បើ​យោងតាម​ប្រភពពី CNA​។​

​គណៈកម្មាធិការ​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា ក្នុងចំណោម​២​ករណី​ថ្មី​គឺ មាន​១​ករណី​ឆ្លង​ក្នុងស្រុក​ត្រូវបាន​រកឃើញ​នៅក្នុង​ទីក្រុង​ស៊ា​ង​ហៃ​និង​១​ករណី​ទៀត​ជា​ករណី​នាំចូល​ពី​ក្រៅប្រទេស​ដែល​ពាក់ព័ន្ធ​នឹង​អ្នកដំណើរ​មកពី​បរទេស​។​

​ករណី​ឆ្លង​ថ្មីៗ​ទាំង ២​ករណី ដែល​បាន​រាយការណ៍​នៅថ្ងៃនេះ វា​ធ្វើ​ឲ្យ​ចំនួន​ករណី​ឆ្លង​សរុប​ទាំងអស់ នៅ​ទូទាំងប្រទេស​ចិន​កើន​ដល់​៨២.៩៦៧ នាក់ និង​អ្នកជំងឺ​ចំនួន ៣៧៥ នាក់​កំពុង​ស្ថិតក្រោម​ព្យាបាល​របស់​ក្រុមគ្រូពេទ្យ ខណៈ​តួលេខ​នៃ​ករណី​អ្នកស្លាប់ គឺ​នៅ​រក្សាបាន​ត្រឹម ៤,៦៣៤​នាក់​ដដែល​។​

​អាជ្ញាធរ​សុខាភិបាល​ចិន ក៏បាន​រកឃើញ​អ្នកជា​សះស្បើយ​ឡើងវិញ​ពី​ជំងឺ COVID-19 ចំនួន​៥​នាក់​ផងដែរ​កាលពី​ម្សិល​មី​ញ ដែល​នាំ​ឲ្យ​ចំនួន​អ្នកជា​សះស្បើយ​សរុប នៅ​ទូទាំងប្រទេស​ចិន​កើន​ដល់ ៧៨,២៤៩ នាក់​៕