(Video) លោក អ៊ុន ចាន់ដា នាំយកអំណោយមនុស្សធម៌កាកបាទក្រហមកម្ពុជាចែកពលរដ្ឋ៦០គ្រួសារនៅស្រុកបាធាយ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 22 May, 2020 ក+ ក-

ខេត្តកំពង់ចាម ៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត ននិងលោក ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញចុះសាកសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចែកជូនដល់បងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយខ្យល់កន្ត្រាក់ ចាស់ ជរាគ្មានទីពឹង ជនពិការ ស្រ្តីម៉េម៉ាយមានកូនច្រើន និងអ្នកជំងឺរាំរ៉ៃចំនួន៦០គ្រួសារ នៅស្រុកបាធាយ ខេត្តកំពង់ចាម។

 

ពិធីធ្វើឡើងនាព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០ ដោយមានការអញ្ជើញចូលរួមពីក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបាធាយ លោកជំទាវអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខា និង មន្ត្រីពាក់ព័ន្ធជាច្រើនរូបផងដែរ។

ឆ្លៀតក្នុងឱកាសនោះដែរ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តបានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើដោយក្តីនឹករលឹកពីសំណាក់ប្រមុខថ្នាក់ដឹកនាំដែលមានសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាដល់ប្រជាពលរដ្ឋទាំង៦០គ្រួសារដោយក្តីនឹករលឹកអាណិតអាសូរបំផុតដោយមិនប្រកាន់ពូជសាសន៍ សាសនា ឬនិន្នាការនយោបាយនោះឡើយ ពោលគឺទីណាដែលពលរដ្ឋមានទុក្ខលំបាក ទីនោះគឺមានសម្តេចទាំងទ្វេ  ដែលជានិច្ចជាកាល តែងតែគិតគូខ្វល់ខ្វាយពីសុខទុក្ខ ពលរដ្ឋខ្មែរគ្រប់ៗរូប។

គួរបញ្ជាក់ផងដែរថា អំណោយដែលត្រូវចែកជូនដល់បងប្អូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ ចាស់ជរាគ្មានទីពឹង ជនពិការ ស្រ្តីម៉េម៉ាយមានកូនច្រើន និងអ្នកជំងឺរាំរ៉ៃចំនួន៦០គ្រួសារ ដោយក្នុង១គ្រួសារៗទទួលបាន ៖ អង្ករ២៥គីឡូក្រាម ទឹកស៊ីអ៊ីវ០១យួរ ទឹកត្រី០១យួរ ត្រីខ១០កំប៉ុង ម៉ាស់០៥បន្ទះ និងថវិកា២០,០០០រៀលផងដែរ៕ ដោយ ៖ ប៉ែន សុផល