ភ្នំពេញ ៖ កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ (ASEM13) ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៅតែបន្តធ្វើតាមការគ្រោងទុក ប៉ុន្តែឈរលើស្ថានភាពវិវត្តន៍ជាក់ស្តែង នៃការរីករាលដាលជំងឺកូវីដ១៩។ នេះបើតាម លោក លុយ ដាវីត រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាប្រធានលេខាធិការដ្ឋានជាតិរៀបចំកិច្ចប្រជុំ ASEM13។
លោក លុយ ដាវីត បានបញ្ជាក់យ៉ាងដូច្នេះថា៖ «រហូតមកទល់ថ្ងៃនេះ គណៈកម្មការជាតិរៀបចំកិច្ចប្រជុំកំពូលអាស៉ី-អឺរ៉ុបលើកទី១៣ ក៏ដូចជាលេខាធិការដ្ឋាន នៃគណៈកម្មការជាតិនេះ នៅតែបន្តការរៀបចំកិច្ចប្រជុំកំពូលនេះ តាមពេលវេលាដែលបានគ្រោងទុក ដូចដែលបានឯកភាពគ្នា ជាមួយថ្នាក់ដឹកនាំអាស៉ី-អឺរ៉ុប ទាំង៥៣។ ម្យ៉ាងវិញទៀត លិខិតអញ្ជើញដែលបានចុះហត្ថលេខាដោយប្រមុខរាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការបរទេស គឺបានបញ្ជូនទៅគ្រប់ភាគីដែលនឹងចូលរួមរួចរាល់អស់ហើយ, ហើយរហូតមកទល់ពេលនេះ មានថ្នាក់ដឹកនាំមួយចំនួន បានឆ្លើយតប និងបញ្ជាក់ពីការចូលរួមកិច្ចប្រជុំកំពូលនេះ រួចហើយដែរ»។
សូមបញ្ជាក់ថា ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាប្រធានគណៈកម្មការជាតិរៀបចំកិច្ចប្រជុំកំពូល ASEM13 នាព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០នេះ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំពិភាក្សា អំពីដំណើរការរៀបចំកិច្ចនេះ នៅទីស្តីការក្រសួង ដោយមានការចូលពីមន្រ្តីជាន់ខ្ពស់ នៃក្រសួង-ស្ថាប័នពាក់ព័ន្ធនានាជាច្រើនរូបផងដែរ។ ASEM13 ដែលកម្ពុជាត្រូវធ្វើជាម្ចាស់ផ្ទះ ត្រូវបានប្រកាសកាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០។
កម្ពុជាបានក្លាយជាសមាជិករបស់ ASEM នៅឆ្នាំ២០០៤ និងត្រូវបានផ្តល់សេចក្តីទុកចិត្តឲ្យធ្វើជាម្ចាស់ផ្ទះ ដែលគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៦-១៧ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រោមប្រធានបទ ៖ «ការពង្រឹងពហុភាគីនិយម ដើម្បីកំណើនរួម» ដោយនឹងមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំកំពូល នៃប្រទេសនៅតំបន់អឺរ៉ុប និងអាស៉ី ចំនួន៥១ប្រទេស លេខាធិការដ្ឋានអាស៊ាន និងសហភាពអឺរ៉ុប៕