ភ្នំពេញ ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានសម្រេចបញ្ចប់មុខតំណែង លោកវរសេនីយ៍ឯក រុំ សុវិជ្ជា នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ។ នេះបើតាមប្រកាសចុះថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០។
ការបញ្ចប់មុខតំណែងនេះ ធ្វើឡើងក្រោយពេលដែលមន្រ្តីខាងលើ បានប្រព្រឹត្តករណីបើករថយន្តទាំងស្រវឹងបុករនាំងបរិវេណរូបសំណាក លោកតាអាចារ្យលាក់ និងបានជេរប្រមាថទៅលើអភិបាលខេត្តកំពង់ធំថា មិនដាក់ភ្លើងបំភ្លឺ និងដាក់ចំណាំងផ្លាត ទើបធ្វើឱ្យខ្លួនជួបគ្រោះថ្នាក់បែបនេះ។
សូមរំលឹកថា លោក រុំ សុវិជ្ជា កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ ត្រូវបានសម្តេច ស ខេង បានចេញលិខិតព្រមានលើកទី១ ដោយសារតែធ្វេស ប្រហែសក្នុងការអនុវត្តភារកិច្ចរបស់ខ្លួន ហើយសម្តេចក្រឡាហោម បានបញ្ជាក់ទៀតថា បើនៅតែប្រព្រឹត្តផ្ទុយពីការណែនាំនេះ នឹងចាត់វិធានការណ៍ តាមវិន័យរបស់កងកម្លាំង នគរបាលជាតិ ជាក់ជាពុំខាន៕