ប៉េកាំង ៖ លោក លី ខឺឈាង នាយករដ្ឋមន្រ្តីចិន បានថ្លែងថា ចិននឹងធ្វើការកែទម្រង់កាន់តែស៊ីជម្រៅថែមទៀត ក្នុងវិស័យការពារជាតិ និងយោធា ក្នុងនោះគឺនឹងជំរុញការអភិវឌ្ឍវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាដែលពាក់ព័ន្ធនឹងយោធា។ នេះបើយោងតាមសារព័ត៌មាន CGTN។
លោកថ្លែងដូច្នេះ ក្នុងពិធីបើកកិច្ចប្រជុំសភាប្រចាំឆ្នាំនាព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០នេះ។ លោកបានសង្កត់ធ្ងន់ថែមទៀតថា កិច្ចប្រឹងប្រែងក៏នឹងជួយធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធចល័តការពារជាតិ និងធានាបានថា ការឯកភាពរវាងយោធា និងរដ្ឋាភិបាល និងរវាងយោធា និងប្រជាជន នៅតែរឹងមាំ។
លោក លី ខឺឈាង លើកឡើងថា «យើងនឹងបន្តបង្កើនភាពស្មោះត្រង់នយោបាយរបស់កងទ័ព ពង្រឹងពួកគេតាមរយៈការធ្វើកំណែទម្រង់ វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា និងបណ្តុះបណ្តាលសមត្ថភាព ព្រមទាំងការគ្រប់គ្រងយោធាស្របតាមច្បាប់»។
សូមជម្រាបដែរថា របាយការណ៍ដែលបានបង្ហាញក្នុងពិធីបើកកិច្ចប្រជុំសភានេះ ឱ្យដឹងថា ការចំណាយយោធារបស់ចិននៅឆ្នាំនេះ នឹងកើនឡើង ៦,៦ភាគរយ ប៉ុន្តែទាបជាងឆ្នាំ២០១៩ ដែលថវិកាយោធាកើនឡើង ៧,៥%៕