ភ្នំពេញ ៖ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលចេញផ្សាយនៅថ្ងៃនេះបានបង្ហាញឲ្យដឹងថា ការប្រកួតកីឡាជាតិនឹងចាប់ដំណើរៗ ការជាបណ្តើរៗ ឡើងវិញចាប់ពីខែមីថុនាតទៅ ។
បើតាមក្រសួងបានបញ្ជាក់ថា ការប្រកួតនោះត្រូវស្ថិតក្រោមលក្ខខ័ណ្ឌមួយចំនួនរួមមានទី១៖ អនុញ្ញាតឱ្យបើកការប្រកួតកីឡាផ្លូវការរបស់សហព័ន្ធកីឡាជាតិ ដោយមិនមានអ្នកទស្សនា ដែលមានតែកីឡាករ កីឡាការិនី និងមន្ត្រីបច្ចេកទេសក្នុងចំនួនមិនឱ្យលើសពី ១០០នាក់ ក្រោមការគ្រប់គ្រងទទួលខុសត្រូវយ៉ាងហ្មត់ចត់ ពីសហព័ន្ធកីឡាជាតិនីមួយៗ និងអនុវត្តអនាម័យតាមវិធានការការពាររបស់ ក្រសួងសុខាភិបាល។ ការអនុញ្ញាតនេះ នឹងចាប់អនុវត្តជាបណ្ដើរៗចាប់ពីខែមិថុនា ឆ្នាំ២០២០តទៅ។
*ទី២៖ អនុញ្ញាតឱ្យមានការប្រមូលផ្ដុំហ្វឹកហាត់ក្រុមកីឡាជម្រើសជាតិឡើងវិញ ក្រោមការគ្រប់គ្រងរបស់ក្រសួងអប់រំ យុវជន និងកីឡា ដោយគោរពយ៉ាងម៉ឺងម៉ាត់ តាមវិធានការការពារកុំឱ្យមានការ ចម្លងវីរុសកូវីដ-១៩ និងការពាររលកទីពីរនៃការចម្លងវីរុសនេះ របស់ក្រសួងសុខាភិបាល។
*ទី៣៖ មុននឹងបើកឱ្យដំណើរការ ត្រូវមានការចាត់ចែងរៀបចំជាមុននូវវិធានការការពារនានា ដូចជា៖
* ការអនុវត្ត ការសម្អាតដៃឱ្យបានញឹកញាប់ ដោយប្រើទឹកស្អាត និងសាប៊ូ ឬទឹកអាល់កុល ឬទឹកដែលសម្រាប់លាងដៃ
* ការប្រើប្រាស់ម៉ាស (ក្នុងករណីចាំបាច់) ឬកន្សែង ឬក្រមា ឬក្រដាសជូតមាត់ ដើម្បីខ្ទប់ មាត់ច្រមុះ រាល់ពេលក្អកកណ្ដាស់ (រួចត្រូវបោះចោលក្នុងធុងសំរាមឱ្យបានត្រឹមត្រូវ)
* ការអនុវត្តគម្លាតសុវត្ថិភាពសង្គម និងគម្លាតសុវត្ថិភាពបុគ្គល ជាដើម។
*ទី៤៖ ត្រូវធានាថា ទីកន្លែងដែលបើកដំណើរការកីឡាដូចបានជម្រាបជូនខាងលើនេះ មានការអនុវត្តវិធានការការពារការចម្លងវីរុសកូវីដ-១៩ បានត្រឹមត្រូវ និងហ្មត់ចត់ និងមានអ្នកត្រួតពិនិត្យត្រឹមត្រូវ ហើយមិនត្រូវឱ្យកន្លែងធ្វើសកម្មភាពកីឡារបស់ខ្លួន ក្លាយទៅជាកន្លែងរាតត្បាតជំងឺកូវីដ-១៩ នោះឡើយ។
សូមអានសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលខាងក្រោម ៖