ក្រសួងវប្បធម៌ប្រកាសឲ្យបើកដំណើរការសារមន្ទីរនានាឡើងវិញចាប់ពីថ្ងៃទី០១ ខែមិថុនា
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 23 May, 2020 ក+ ក-

ភ្នំពេញ ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ប្រកាសឲ្យសារមន្ទីរនានាបើកដំណើរការជូនភ្ញៀវជាតិ និងអន្តរជាតិ បានចូលទស្សនាឡើងវិញ ចាប់ពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២០ តទៅ តែត្រូវមានវិធានការអនាម័យដើម្បីទប់ស្កាត់ការរីករាលដាលវីរុស Covid-19។

ក្រសួងសុខាភិបាលកាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០ បានផ្ញើលិខិតមួយ ជូនក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដោយស្នើឱ្យមានការបើកដំណើរការសារមន្ទីរនានា នៅក្នុងប្រទេសកម្ពុជាឡើងវិញ ដើម្បីឱ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិទស្សនា ចាប់ពីខែមិថុនា ឆ្នាំ២០២០តទៅ ក្រោយអ្នកជំងឺកូវីដ១៩ ទាំងអស់នៅកម្ពុជា បានជាសះស្បើយជាស្ថាពរ។

លិខិតរបស់រដ្ឋមន្រ្តីក្រសួងសុខាភិបាល ផ្ញើទៅកាន់រដ្ឋមន្រ្តីក្រសួងវប្បធម៌ បានបញ្ជាក់ថា ក្រសួងសុខាភិបាល សូមធ្វើការណែនាំជូនដល់ក្រសួងវប្បធម៌ និងវិចិត្រសីល្បៈថា មុនពេលបើកដំណើរការនូវសារមន្ទីរឡើងវិញនេះ ត្រូវរៀបចំវិធានការការពារនានាឱ្យរួចជាមុន ដើម្បីចៀសវាងនូវហានិភ័យ នៃការចម្លងវីរុសកូវីដ១៩ ដូចជាការស្កេនកំដៅភ្ញៀវ មុនអនុញ្ញាតឱ្យចូលទស្សនា មានប្រើប្រាស់អាល់កុល ឬជែលលាងដៃ និងត្រូវរៀបចំឱ្យមានគម្លាតសុវត្ថិភាពបុគ្គល ព្រមទាំងត្រូវពាក់ម៉ាស់ ហើយត្រូវអនុវត្តឱ្យបានគ្រប់បុគ្គល (ទាំងភ្ញៀវ អ្នកនាំភ្ញៀវ និងអ្នកបម្រើការនៅទីនោះ) និងមិនត្រូវអនុញ្ញាតឱ្យបុគ្គលណាម្នាក់ ដែលមានបញ្ហាសុខភាព ឬសង្ស័យ ចូលទស្សនាសារមន្ទីរឡើយ៕