(Video) អាវុធហត្ថក្រុងប៉ោយប៉ែតបង្ក្រាបរថយន្តពីរគ្រឿងឃាត់មនុស្ស២នាក់និងផលិតផលជ្រូកជិត៩០០គីឡូក្រាម
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 25 May, 2020 ក+ ក-

 

បន្ទាយមានជ័យ ៖ ផលិតផលនៃសត្វជ្រូកខូចគុណភាពដែលឆ្លងដែនមកពីប្រទេសថៃចំនួនពីររថយន្តត្រូវបានកម្លាំងអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់បានកាលពីព្រឹកថ្ងៃទី២៤ខែឧសភាឆ្នាំ២០២០ខណៈដែលកំពុងបើកបរលើកំណាត់ផ្លូវជាតិលេខ៥ចំនុចមុខផ្សារកណ្តាលស្ថិតក្នុងសង្កាត់ផ្សារកណ្តាលក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ។

លោកអនុសេនីយ៍ឯក សរ សុភ័ក្ត្រា មេបញ្ជាការស្តីទីអាវុធហត្ថមូលដ្ឋានក្រុងប៉ោយប៉ែតបានអោយដឹងថាផលិតនៃសត្វជ្រូកដែលឃាត់បានមានស្លឹកត្រចៀក,ថ្លើម,ពោះវៀន,ក្រពះ និងខួរ សរុប១៦កេះស្មើរនឹង៨៤០គីឡូក្រាម។ជាមួយគ្នានោះ កម្លាំងមូលដ្ឋានអាវុធហត្ថក្រុងប៉ោយប៉ែតក៏បានឃាត់រក្សាទុករថយន្តដឹកជញ្ជូនពីរគ្រឿងនិងអ្នកបើកបរពីរនាក់ផងដែរ ដោយ១- រថយន្តម៉ាកតូយូតាស៊ីណា ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AL.2355 បើកបរដោយឈ្មោះ រិទ្ធី យ៉ា ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិអូរឬស្សីទី១ សង្កាត់អូរឬស្សី ខណ្ឌ៧មករា រាជធានីភ្នំពេញនិងទី២-រថយន្តម៉ាក ហាយឡេនដឺ ពណ៌តឹកមាស ពាក់ស្លាកលេខ ភ្នំពេញ 2A.2728 បើកបរដោយឈ្មោះ វង្ស សុខម៉ានីន ហៅ ដារ៉ា ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅភូមិសំរោង ឃុំឬស្សីក្រោក ស្រុកមង្គលបូរីខេត្តបន្ទាយមានជ័យ។

លោកអនុសេនីយ៍ឯក សរ សុភ័ក្ត្រា ក៏បានបញ្ជាក់ផងដែរថា ក្រោយការឃាត់កម្លាំងអាវុធហត្ថក៏បានបញ្ជូនខ្លួនអ្នកបើកបររួមជាវត្ថុតាងផលិតផលជ្រូកទៅមន្ត្រីជំនាញពេទ្យសត្វដើម្បឺេពិនិត្យ។

លោក ហ៊ុយ ទូច ប្រធានផលិតកម្មនិងបសុព្យាបាលនៃមន្ទីរបសុព្យាបាលនៃមន្ទីរកសិកម្មខេត្តបន្ទាយមានជ័យបានអោយដឹងថា ផលិតផលនៃសត្វជ្រូកដែលខូចគុណភាពទាំងអស់នេះនឹងត្រូវអនុវត្តតាមវិធានពេទ្យសត្វ ដោយដុតកំទេចចោល ហើយចំពោះអ្នកបើកបរនិងវត្ថុតាងរថយន្ត នឹងត្រូវកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការតាមផ្លូវច្បាប់៕