ពុលត្រីក្រពតស្លាប់២នាក់សង្គ្រោះបន្ទាន់៣នាក់នៅស្រុកឱរ៉ាល់
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 27 May, 2020 ក+ ក-

ខេត្តកំពង់ស្ពឺ ៖ មនុស្សពីរនាក់បានស្លាប់ និង៣នាក់ទៀតបានបញ្ជូនទៅសង្គ្រោះបន្ទាន់ បន្ទាប់ពីយកត្រីក្រពតទៅចម្អិនធ្វើម្ហូបបរិភោគជុំគ្នា កាលពីថ្ងៃអង្គារ ទី២៥ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង ប្រមាណជាង៦ល្ងាច ស្ថិតនៅឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។

នគរបាលបានឲ្យដឹងថា ជនរងគ្រោះទាំង៥នាក់ដែលពុលត្រីក្រពតបណ្តាលស្លាប់ និងស្ថិតក្នុងការ សង្គ្រោះនោះរួមមាន ៖ ១- ឈ្មោះ យុង ង៉ែត ភេទប្រុស អាយុ៤២ឆ្នាំ រស់នៅភូមិស្រែកិន ឃុំត្រពាំង ជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ (ស្លាប់)។ ២- ឈ្មោះ ហុង សារ៉ាត ហៅប៉ែ អាយុ៣៥ឆ្នាំ មានទីលំនៅ ភូមិស្រែតាជ័យ ឃុំអភិវឌ្ឍន៍ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង បច្ចុប្បន្នមកស្នាក់នៅធ្វើការភូមិស្រែកិន ឃុំ ត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ (ស្លាប់)។

ដោយឡែកជនរងគ្រោះដែលកំពុងសង្គ្រោះបន្ទាន់រួមមាន ៖ ១- ឈ្មោះ ម៉ៅ សេង ហៅយាយឡច ភេទស្រី អាយុ៥០ឆ្នាំ រស់នៅភូមិស្រែកិន ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។  ២- ឈ្មោះ វណ្ណ ស្រីពេជ្រ ភេទស្រី អាយុ៣៥ឆ្នាំ រស់នៅភូមិស្រែកិន ឃុំត្រពាំងជោ ស្រុកឱរ៉ាល់។ ៣- ឈ្មោះ វណ្ណ សម្ផស្ស ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិស្រែកិន ឃុំត្រពាំងជោ ស្រុកឱរ៉ាល់។

បើតាមនគរបាលបានបញ្ជាក់ថា មុនពេលកើតហេតុជនរងគ្រោះទាំង៥នាក់បានយកត្រីក្រពតមកចម្អិនធ្វើម្ហូបពេលល្ងាចជាមួយគ្នា ប៉ុន្តែក្រោយពេលបរិភោគរួចបណ្ដាលឲ្យពុលស្លាប់២នាក់ និង៣ នាក់ត្រូវបានជួយសង្គ្រោះទាន់ពេលវេលា។

តាមសម្ដីជនរងគ្រោះដែលរួចផុតពីគ្រោះដល់ជីវិតបានរៀបរាប់ឲ្យដឹងថា ដំបូងឡើយពួកគាត់បាននាំ គ្នាយកត្រីដែលអូសបានយកមកធ្វើម្ហូបដូចសព្វមួយដង មិនដឹងថា ត្រីក្រពតវាអាចពុលរហូតឆក់យក ជីវិតមនុស្សបានបែបនេះទេ គ្រាន់តែអាចម៍ត្រីក្រពតដែលធ្វើបោះចោលទៅលើដីត្រូវសត្វឆ្កែស៊ីក៏ត្រូវពុលងាប់រួមទាំងមាន់៧ក្បាលផងដែរ។

នគរបាលបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទូទាំងប្រទេសសូមមេត្តាប្រុងប្រយ័ត្នបំផុតចំពោះ ករណីត្រីកំពត ព្រោះវាធ្លាប់កើតមានញឹកញាប់ណាស់មកហើយ គឺមានមនុស្សពុលស្លាប់មិនតិចនាក់ ទេកន្លងមក អ្នកខ្លះក៏ ជួយសង្គ្រោះបានទាន់ពេលវេលា៕