ភ្នំពេញ ៖ ក្នុងកិច្ចប្រជុំរបស់គណៈកម្មការអន្ដរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ ក្រសួងសុខាភិបាល បានសម្រេចឲ្យជនបរទេសទាំងអស់ដែលចង់ចូលប្រទេសកម្ពុជា តម្រូវឲ្យមានវិញ្ញាបនបត្រសុខភាពបញ្ជាក់ពីភាពគ្មានវីរុសកូវីដ-១៩ ចំនួន៧២ម៉ោងមុនថ្ងៃចេញដំណើរ និងធានារ៉ាប់រងសុខភាព ក្នុងចំនួនទឹកប្រាក់៥ម៉ឺនដុល្លារ។ នេះបើតាមរបាយការណ៍ ស្ដីពីលទ្ធផលនៃកិច្ចប្រជុំរបស់គណៈកម្មការអន្ដរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩។
របាយការណ៍របស់ក្រសួងសុខាភិបាលបានបញ្ជាក់យ៉ាងដូច្នេះថា អង្គប្រជុំបានឯកភាពគ្នា ធ្វើការរឹតបន្ដឹងការត្រួតពិនិត្យសុខភាព នៅតាមច្រកចេញចូលអន្តរជាតិ ដោយរៀនសូត្រ ពីបទពិសោធន៍ ការងារចាត់ចែង គ្រប់គ្រងអ្នកដំណើរ និងដាក់ចេញនូវ ដំណោះស្រាយលើបញ្ហាមួយចំនួន ដូចជា ៖ ការរកទីកន្លែងសម្រាប់ដាក់ធ្វើចត្តាឡីស័ក, ការបង់ថ្លៃស្នាក់នៅ និងចំណីអាហារដោយសាម៉ីអ្នកដំណើរ, ក្នុងអំឡុងពេលស្នាក់នៅធ្វើចត្តាឡីស័ក តម្រូវការឲ្យមានវិញ្ញាបនបត្រសុខភាព បញ្ជាក់ពីភាពគ្មានវីរុសកូវីដ-១៩ ចំនួន៧២ម៉ោង មុនថ្ងៃចេញដំណើរ និងការធានារ៉ាប់រងសុខភាព ក្នុងចំនួនទឹកប្រាក់៥ម៉ឺនដុល្លារ (សម្រាប់ជនបរទេស) ជាដើម។
សូមបញ្ជាក់ផងដែរថា រហូតមកដល់ពេលនេះកម្ពុជា មានអ្នកការឆ្លងជំងឺកូវីដ១៩ សរុប១២៤ករណី ដោយក្នុងនោះមានអ្នកជំងឺ១២២នាក់បានជាសះស្បើយ និង ២នាក់កំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត៕