ភ្នំពេញ ៖ មន្ត្រីជំនាញរដ្ឋបាលជលផល បានអំពាវនាវកុំឱ្យទទួលទានត្រីក្រពត ចំនួន ៥ប្រភេទក្នុងចំណោមត្រីក្រពត ១០ ប្រភេទដែលុំមាននៅកម្ពុជា ព្រោះអាចបណ្តាលឱ្យមានគ្រោះថ្នាក់ដល់អាយុជីវិត។
យោងតាមការស្រាវជ្រាវរបស់វិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ជលផលទឹកសាបរបស់រដ្ឋបាលជលផលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរកឃើញនៅប្រទេសកម្ពុជា មានត្រីក្រពតចំនួន ១០ប្រភេទ ក្នុងនោះ ៥ប្រភេទ ដែលមានផ្ទុកសារធាតុពុល។
ត្រីក្រពតពុលទាំង ៥ប្រភេទនោះ មាន ៖ ១. ក្រពត កូសាំងស៊ីន ២.ក្រពត អុចធំ ៣.ក្រពតភ្នែកក្រហម ៤.ក្រពតអុចបៃតង និង៥.ក្រពតខ្មៅ (សូមពិនិត្យរូបភាពភ្ជាប់ជាមួយ)។សារធាតុពុល នៅក្នុងក្រពតប្រែប្រួលទៅតាមរដូវកាលគឺកម្រិតពុលខ្ពស់បំផុតនៅរដូវពងកូន ដែលជាធម្មតាចាប់ពីខែកុម្ភ: ដល់ខែកញ្ញា។
ចំពោះសារធាតុពុលក្នុងខ្លួនត្រីក្រពត ក៏មានកម្រិតខុសគ្នាដែរ គឺពង និងស្ពែម មានសារធាតុពុលខ្ពស់ជាងគេ បន្ទាប់មកគឺថ្លើម ពោះវៀន ស្បែក និងសាច់។ អ្នកដែលបានបរិភោគត្រីក្រពតទាំង ៥ប្រភេទខាងលើនេះ អាចបណ្តាលឱ្យឈឺក្បាល វិលមុខ ល្ហិតល្ហៃ រឹងថ្គាម ស្ពឹកចុងដៃជើង រាករូស ក្អួតចង្អោរ រឺអាចបណ្តាលឱ្យស្លាប់តែម្តង។
មន្ត្រីជំនាញ បានអំពាវនាវ ថា ដើម្បីជៀសវាងបញ្ហាដែលអាចបណ្តាលឱ្យមានគ្រោះថ្នាក់ដល់សុខភាព និងអាយុជីវិត សូមប្រជាពលរដ្ឋមេត្តាពិនិត្យប្រភេទត្រីក្រពតឱ្យបានច្បាស់លាស់។ ជាពិសេស ត្រីក្រពតទាំង៥ប្រភេទ ដូចបានបង្ហាញខាងលើ៕