វៀតណាមមិនទាន់រើជម្រកតង់ចេញពីព្រំដែនកម្ពុជាអស់នៅឡើយទេ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 28 May, 2020 ក+ ក-

ខេត្តកណ្តាល ៖ មកដល់ពេលនេះភាគីវៀតណាមនៅមិនទាន់រុះរើតង់តាមបណ្តោយព្រំដែនកម្ពុជា វៀតណាម អស់នៅឡើយទេ ដោយអះអាងថា ដើម្បីការពារការរាលដាលកូវីដ-១៩។ នេះបើតាមការបញ្ជាក់របស់អភិបាលខេត្តកណ្តាល​លោក គង់ សោភ័ណ្ឌ។

លោក គង់ សោភ័ណ្ឌ បានបញ្ជាក់បែបនេះ នៅក្នុងសន្និសីទកាសែតស្តីពីវឌ្ឍនភាព និងទិសដៅបន្តរបស់ខេត្តកណ្តាល នៅថ្ងៃទី២៨ ឧសភា នេះ ។ លោក ប្រាប់ថា មកដល់ពេលនេះ វៀតណាម បានដក និងរុះរើតង់ចំនួន ៨ទីតាំង ដែលបានដាក់នៅជិតព្រំដែនរបស់កម្ពុជា ក្នុងនោះ ៧តង់ រើចេញទាំងស្រុង និងមួយតង់ទៀត នៅប៉ុស្តិ៏ព្រែកស្បូវ គឺរើចូលទៅក្នុងដីរបស់គេ។ ភាគីវៀតណាម បានអះអាងប្រាប់អាជ្ញាធរខេត្តកណ្តាលថា តង់ទាំងនោះ នឹងត្រូវរុះរើទាំងអស់ នៅពេលស្ថានភាពវិបត្តិកូវីដ១៩ បានបញ្ចប់ទាំងស្រុង ។ អាជ្ញាធរខេត្តកណ្តាល នៅតែបន្តទាមទារឲ្យអាជ្ញាធរខេត្តអានយ៉ាង វៀតណាម ត្រូវតែរុះរើតង់ទាំងនោះឲ្យអស់ ទៅតាមការសន្យា និងការឯកភាពរួមគ្នា នៅក្រោយបញ្ចប់កូវីដ១៩។

សូមរំលឹកថា កាលពីសប្តាហ៏មុន កម្ពុជាបានផ្ញើកំណត់ទូតមួយច្បាប់ទៅកាន់ភាគីវៀតណាម ដោយតម្រូវឲ្យវៀតណាមរុះរើតង់នោះចេញ ឲ្យអស់ និងឲ្យបានឆាប់។ គួរបញ្ជាក់ថា អាជ្ញាធរខេត្តអានយ៉ាង នៃប្រទេសវៀតណាម បានធ្វើការបោះតង់តូចៗចំនួន៣១កន្លែង នៅតាមបណ្តោយព្រំដែនកម្ពុជា រវាងស្រុកលើកដែក និងស្រុកកោះធំ ខេត្តកណ្ដាល ទល់និងខេត្តអានយ៉ាង ដែលខ្សែបន្ទាត់ព្រំដែនចំណុចនេះ ពុំទាន់បានឯកភាពគ្នាឡើយ ដោយគណៈកម្មការចម្រុះព្រំដែនរវាងប្រទេសទាំងពីរ។ ការបោះតង់យោធានេះ បានធ្វើឡើងចាប់តាំងពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០មកម្ល៉េះ បន្ទាប់ពីវៀតណាមបានរឹតបន្តឹងចំពោះការឆ្លងដែនទៅកាន់ប្រទេសវៀតណាម ដែលជាវិធានការទប់ស្កាត់ ការចម្លងជំងឺកូវីដ១៩៕