អាមេរិក ៖ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បាននិយាយថា លោកនឹងធ្វើសន្និសិទកាសែតមួយនៅថ្ងៃសុក្រនេះស្តីពីប្រទេសចិនចំពេលមានភាពតានតឹងរវាងអាមេរិកនិងចិនទាក់ទងនឹងហុងកុងនិងការផ្ទុះឡើងនៃវីរុសកូរ៉ូណា។ នេះបើយោងតាមប្រភពពី CNA។
លោកបានប្រាប់អ្នកយកព័ត៌មាននៅឯកិច្ចប្រជុំការិយាល័យ Oval កាលពីថ្ងៃព្រហស្បតិ៍ថា យើងនឹងប្រកាសនៅថ្ងៃស្អែកនូវអ្វីដែលយើងកំពុងធ្វើទាក់ទងទៅនឹងប្រទេសចិន ដោយលោកនិយាយថា យើងមិនសប្បាយចិត្តនឹងប្រទេសចិនទេ ប៉ុន្តែលោកមិនបានផ្តល់ព័ត៌មានលម្អិតអំពីផែនការរបស់លោកទេ។
សន្និសីទកាសែតគ្រោងនឹងធ្វើឡើងនៅថ្ងៃតែមួយ ពេលដែលអង់គ្លេសនិងសហរដ្ឋអាមេរិកចង់អោយក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិជួបប្រជុំក្រៅផ្លូវការដើម្បីពិភាក្សាអំពីស្ថានភាពនៅហុងកុង។
សូមជម្រាបថា ការធ្វើបែបនេះបន្ទាប់ពីចិននឹងប្រើច្បាប់ថ្មីដើម្បីបញ្ចប់សេរីភាពរបស់ហុងកុងក្នុងនាមជាទឹកដីពាក់កណ្តាលស្វ័យភាព ដោយបានជំរុញឱ្យមានការរំពឹងទុកថាលោក Trump គ្រោងនឹងវាយបកវិញដែលអាចជាសញ្ញានៃការប្រឈមមុខគ្នាកាន់តែធ្ងន់ធ្ងររវាងមហាអំណាចសេដ្ឋកិច្ចទាំងពីរ៕