ភ្នំពេញ ៖ យោងតាមការបញ្ជាក់ពីគេហទំព័រគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ ឆ្នាំ២០២៣ បានឲ្យដឹងថា វីរកីឡាការិនី កែ ឡេង បានលាឈប់ពីអាជីពកីឡាប៊ូល និងប៉េតង់កម្ពុជា ហើយ ដោយសារបញ្ហាសុខភាពរបស់លោកស្រីថា មិនអាចទ្រាំទ្រតទៅមុខទៀតបាន។
ម្ចាស់ជើងឯកប៉េតង់ពិភពលោក ៤សម័យលោកស្រី កែ ឡេង បានលើកឡើងថា ការសម្រេចចិត្តលាឈប់ពីវិស័យកីឡាប៉េតង់នេះ គឺអាស្រ័យដោយស្ថានភាពសុខភាពរបស់លោកស្រីផ្ទាល់ចុះខ្សោយមិនអាចបន្តស៊ូទ្រាំនឹងការហ្វឹកហាត់ ដើម្បីត្រៀមការប្រកួតតទៅមុខទៀតបាន។
សូមជម្រាបថា វីរកីឡាការិនី កែ ឡេង បានឈ្នះមេដាយមាសពីការប្រកួតជើងឯកពិភពលោក ៤ជំនាន់ជាប់ៗគ្នា ពោលគឺចាប់តាំងពីឆ្នាំ២០១៣ មកម្លេះ ឆ្នាំ២០១៥ ឆ្នាំ២០១៧ និងរហូតដល់ឆ្នាំ២០១៩។ក្រៅពីការឈ្នះមេដាយមាសជើងឯកពិភពលោក លោកស្រី ក៏ធ្លាប់បានឈ្នះមេដាយស៊ីហ្គេម និងការប្រកួតអន្តរជាតិមួយចំនួនទៀតដែរ៕