ហុងកុង ៖ រដ្ឋាភិបាលហុងកុងបានព្រមានទីក្រុងវ៉ាស៊ីនតោនថា ការដកឋានៈពិសេសជាមជ្ឈមណ្ឌលហិរញ្ញវត្ថុសកល ចេញពីទីក្រុងសេដ្ឋកិច្ចលំដាប់កំពូល ប្រចាំទ្វីបអាស៊ីមួយនេះនឹងអាចក្លាយជាអាវុធមុខពីរ ហើយបានជំរុញឱ្យសហរដ្ឋអាមេរិកបញ្ឈប់ការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ខ្លួន។ នេះបើយោងតាមប្រភពពី CNA។
សេចក្តីថ្លែងការណ៍នេះបានធ្វើឡើងស្របពេលដែលប្រធានាធិបតីអាមេរិក Donald Trump ត្រៀមបើកសន្និសីទសារព័ត៌មានមួយ ដើម្បីបង្ហាញជំហរ ក៏ដូចជាចំណាត់ការរបស់អាមេរិក ឆ្លើយតបចំពោះតំបន់សេដ្ឋកិច្ចពិសេសមួយនេះ ក៏ដូចជាប្រទេសចិនទាំងមូល។
រដ្ឋាភិបាលក្រុងបាននិយាយកាលពីល្ងាចថ្ងៃព្រហស្បតិ៍ថា“ទណ្ឌកម្មណាក៏ដោយ គឺនឹងក្លាយជាអាវុធមុខពីរ ព្រោះវាមិនមែនបំផ្លាញតែផលប្រយោជន៍ហុងកុងប៉ុណ្ណោះទេ តែផលប្រយោជន៍អាមេរិកក៏រងផលប៉ះពាល់ដូចគ្នា។ ប្រភពដដែលបានបន្ថែមទៀតថា ចាប់ពីឆ្នាំ ២០០៩ ដល់ឆ្នាំ ២០១៨ អតិរេកពាណិជ្ជកម្មអាមេរិកជាមួយហុងកុងគឺធំជាងគេក្នុងចំណោមដៃគូពាណិជ្ជកម្មរបស់ខ្លួនដែលមានទំហំពាណិជ្ជកម្មសរុប ២៩៧ ពាន់លានដុល្លារអាមេរិកនិងក្រុមហ៊ុនអាមេរិកចំនួន ១.៣០០ មានមូលដ្ឋាននៅក្នុងទីក្រុងនេះ។
យ៉ាងណាមិញ ច្បាប់សន្តិសុខជាតិថ្មី ដែលប្រទេសចិនកំពុងត្រៀម អនុម័តលើទីក្រុង ហុងកុង មិនទាន់មាននរណាដឹងថា បានចែងអ្វីខ្លះឲ្យប្រាកដនោះឡើយ ប៉ុន្តែដោយយោងលើព័ត៌មានមិនទាន់ផ្លូវការ សហរដ្ឋអាមេរិកបានចាត់ទុកថា វាជាច្បាប់ដែលនឹងរឹតត្បិតសេរីភាពទីក្រុងនេះ និងធ្វើឲ្យទីក្រុងនេះ លែងមានសិទ្ធិស្វ័យភាពតទៅទៀត៕