ភ្នំពេញ ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០នេះ បានប្រកាសថា ខ្លួនបានរកឃើញមេរោគកូវីដ១៩ លើបុរសជនជាតិខ្មែរម្នាក់ទៀត ដែលទើបត្រឡប់មកពីចូលរួមសិក្សាសាសនានៅប្រទេសថៃ ខណៈដែលថ្ងៃនេះដែរ មានអ្នកជំងឺកូវីដ១៩ ម្នាក់បានជាសះស្បើយថែមទៀត។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល។
បើតាមក្រសួងសុខាភិបាល, ករណីវិជ្ជមានថ្មីនេះ ត្រូវបានរកឃើញនៅលើខ្លួនបុរសជនជាតិខ្មែរអាយុ ២៦ឆ្នាំ រស់នៅភូមិរកាពរ៥ ឃុំរកាពរ៥ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ដែលបានទៅចូលរួមសិក្សាសាសនាមួយនៅសាលាមួយនៃខេត្តយ៉ាឡាក្នុងប្រទេសថៃ ហើយបានវិលត្រឡប់មកពីប្រទេសថៃវិញ ដោយបានធ្វើដំណើរតាមរថយន្តទេសចរណ៍១២កៅអី (មានតែក្រុមគាត់ ១០នាក់ និងអ្នកបើកបរ) រហូតមកដល់ច្រកចូលអូរបីជាន់ រួចបានឆ្លងចូលមកកម្ពុជា នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០។ បុរសរូបនេះ ត្រូវបានក្រុមគ្រូពេទ្យយកវត្ថុសំណាក របស់គាត់ទៅវិភាគនៅវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ដោយទទួលបានលទ្ធផលវិជ្ជមានវីរុសកូវីដ-១៩ នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០។ បច្ចុប្បន្ន បុរសខាងលើរូបនេះ ត្រូវបានបញ្ជូនទៅសម្រាក ព្យាបាល នៅមន្ទីរពេទ្យខេត្តមិត្តភាពកម្ពុជា-ជប៉ុន មង្គលបុរី ខេត្តបន្ទាយមានជ័យ នៅថ្ងៃដដែល នេះរួចហើយដែរ។ ចំណែកបុរស ០៨នាក់ផ្សេងទៀត មានតេស្តអវិជ្ជមាន កំពុងដាក់បន្តធ្វើចត្តាឡីស័ក ចំនួន ១៤ថ្ងៃ នៅមណ្ឌលធ្វើចត្តាឡីស័ករបស់ខេត្ត។ រីឯបុរសម្នាក់ទៀត កំពុងរង់ចាំយកវត្ថុ សំណាកទៅធ្វើការវិភាគនៅវិទ្យាស្ថានប៉ាស្ទ័របញ្ជាក់ឡើងវិញ ហើយរូបគាត់ត្រូវបានដាក់ឱ្យនៅ តាមដាននៅក្នុងមន្ទីរពេទ្យខេត្តបន្ទាយមានជ័យនាពេលបច្ចុប្បន្ននេះ។
ដោយឡែក ករណីជាសះស្បើយវិញ គឺស្ត្រីជនជាតិខ្មែរ អាយុ ៣៩ឆ្នាំ មានទីលំនៅនៅសង្កាត់ទឹកថ្លា រាជធានីភ្នំពេញ ដែលបានវិលត្រឡប់ មកពីសហរដ្ឋអាមេរិក។ រូបគាត់ទទួលបានលទ្ធផលតេស្តអវិជ្ជមានចំនួន ០២លើក ហើយត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០ រួចហើយ។
សូមបញ្ជាក់ថា រហូតមកដល់ពេលនេះ កម្ពុជាបានរកឃើញករណីកូវីដ១៩ ចំនួន១២៥ករណីហើយ ដែលក្នុងនោះ១២៣នាក់ ត្រូវបានព្យាបាលជាសះស្បើយ និង២នាក់ (បូកទាំងករណីថ្មីនេះ) កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕