សេអ៊ូល ៖ សាលារៀនជាង២០០ ក្នុងប្រទេសកូរ៉េខាងត្បូងត្រូវបានបង្ខំឱ្យបិទ ពោលតែប៉ុន្មានថ្ងៃបន្ទាប់ពីពួកគេបានបើកដំណើរការឡើងវិញដោយសារតែមានការកើនឡើងនូវករណីវីរុស។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន BBC។
កូរ៉េខាងត្បូង កាលពីដើមទីត្រូវបានគេចាត់ទុកថា ជាប្រទេសដែលបានរងគ្រោះធ្ងន់ធ្ងរមួយ ដោយសារ COVID-19 នៅក្រៅទឹកដីចិន។ ប៉ុន្តែមិនបានប៉ុន្មានប្រទេសមួយនេះ អាចគ្រប់គ្រងស្ថានការណ៍បានទាំងស្រុង ដោយមិនបានចាត់វិធានការបិទប្រទេស ដូចបណ្តាប្រទេសដទៃធ្វើនោះឡើយ នៅចំពោះមុខវិបត្តិសកល COVID-19 នេះ។
ទោះជាយ៉ាងណា នារយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយ ចំនួនករណីឆ្លងថ្មី ហាក់បានកើនឡើងបន្តិចមកវិញ នេះក៏ព្រោះតែមានចង្កោមថ្មីបានផ្ទុះឡើងវិញ នៅតំបន់ជាយរដ្ឋធានីសេអ៊ូល។ ជាក់ស្តែងកាលពីថ្ងៃពុធសប្តាហ៍នេះ កូរ៉េខាងត្បូងបានកត់ត្រាករណីឆ្លងថ្មីរហូត ៧៩ករណី ដែលជាតួលេខបំផុតបើប្រៀបធៀបនឹងតួលេខ នារយៈពេលចុងក្រោយនេះ។
គួរជម្រាបថា គិតត្រឹមព្រឹកថ្ងៃសៅរ៍នេះ កូរ៉េខាងត្បូងមានករណីឆ្លងសរុប ១១,៤៤១ករណី ក្នុងនោះស្លាប់ ២៦៩នាក់ និងជាសះស្បើយ ១០,៣៩៨នាក់៕