អាកាសយានដ្ឋានអន្តរជាតិកម្ពុជាគ្រោងកាត់បន្ថយបុគ្គលិកខណៈស្ថានភាពអាជីវកម្មបន្តស្ងប់ស្ងាត់
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 31 May, 2020 ក+ ក-

ភ្នំពេញ ៖ ខណៈស្ថានភាពជំងឺកូវីដ១៩នៅតែបន្តរាលដាលនៅបណ្ដាប្រទេសជាច្រើនលើពិភពលោក បានជំរុញអោយវិស័យមួយចំនួនដែលគាំទ្រដល់ការលូតលាសនៃប្រទេសនៅតែបន្តធ្លាក់ចុះ ជាក់ស្ដែងវិស័យទេសចរ អាកាសដែលជាវិស័យសំខាន់ក្នុងចរន្តសេដ្ឋកិច្ចនៅតែបន្តស្ងប់ស្ងាត់ និងមិនមានសកម្មភាពខ្លាំងឡើងវិញវិស័យនេះគ្រោងនឹងកាត់បន្ថយបុគ្គលិកជាបន្តបន្ទាប់ ។

យោងតាមប្រសាសន៍អ្នកនាំពាក្យនៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលកម្ពុជា លោក ស៊ីន ចាន់សិរីវុត្ថា បានបញ្ជាក់ថា ក្នុងពេលកូវីដ ១៩នៅតែរាលដាលខ្លាំងនៅលើពិភពលោក និងមិនមានភាពប្រសើរឡើង ចង់មិនចង់ អាកាសចរអាកាសយានដ្ឋានអន្តរជាតិកម្ពុជា នឹងចាប់ផ្ដើមកាត់បន្ថយបុគ្គលិករបស់ខ្លួន ព្រោះតែមិនមានអ្វីសម្រាប់បុគ្គលិកធ្វើដូចពីមុន ។

លោកបន្តថាប្រសិនជាស្ថានភាពនេះ នៅតែបន្តអូសបន្លាយថែមទៀតនោះការកាត់បន្ថយបុគ្គលិកនៅក្នុងវិស័យអាកាសចរនឹងមានកាន់តែច្រើនថែមទៀត ហើយទុកតែបុគ្គលិកណាសំខាន់តែប៉ុណ្ណោះ ។ លោកថា៖« សកម្មភាពអាជីវកម្មនៅក្នុងអាកាសយានដ្ឋានអន្តរជាតិ ទាំងបីរបស់កម្ពុជា បានធ្លាក់ចុះជាបន្តបន្ទាប់ ចាប់តាំងពីកើតមានជំងឺកូវីដ ១៩នេះឡើយ ប៉ុន្តែនៅអំឡុងខែមករា កុម្ភៈ និងមីនា សកម្មភាពនៅតែមានគ្រាន់តែមិនច្រើន រហូតដល់ខែមេសា និងឧសភា សកម្មភាពនៅតាមបណ្ដាអាកាសយានដ្ឋានស្ទើរតែលែងមានទៅហើយ ជាក់ស្ដែងដូចឃើញស្រាប់កាលពីមុនក្នុងមួយថ្ងៃមានយន្តហោះ ហោះហើរនិងចុះចតច្រើន ប៉ុន្តែមកដល់ពេលនេះ ស្ងប់ស្ងាត់ណាស់ ហើយយន្តហោះដែលហោះហើរបច្ចុប្បន្ននេះ មួយចំនួនបានបង្វែរពីការដឹកមនុស្សមកដឹកទំនិញវិញម្ដង ដើម្បីរកចំណូលបានខ្លះសម្រាប់ក្រុមហ៊ុនរបស់ខ្លួន ៕