ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរង និងជាអ្នកនាំពាក្យ នៃអគ្គស្នងការដ្ឋាននគរបាលជាតិបានថ្លែងប្រាប់អ្នកសារព័ត៌មានថា ពេញ១ខែ ពោលគឺថ្ងៃទី០១-៣១ខែឧសភា ឆ្នាំ២០២១នេះ នៃការរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក ដោយបង្កើនប្រាក់ពិន័យ តាមអនុក្រឹត្យ លេខ៣៩ នគរបាលចរាចរណ៍ទូទាំងប្រទេសបានត្រួតពិនិត្យ និងផាកពិន័យយានយន្ត ៤៤៧៦៥គ្រឿង ក្នុងនោះម៉ូតូ ៣២៧២៦គ្រឿង និងរថយន្តគ្រប់ប្រភេទ ១២០៣៩គ្រឿង។
បើតាមលោកឧត្តមសេនីយ៍ឯកបានបន្តថា រយៈពេល ៣១ថ្ងៃនេះ ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការផាកពិន័យយានយន្តល្មើស បានដំណើរការទៅយ៉ាងល្អប្រសើរ។ លោកបញ្ជាក់ថា បទល្មើសកត់សម្គាល់សម្រាប់ម៉ូតូ គឺអត់មួក ល្មើសសញ្ញា គ្មានស្លាកលេខ ដឹកលើសទម្ងន់ និងប្រើប្រាស់ទូរស័ព្ទដៃ ដោយឡែកបទល្មើសកត់សម្គាល់ សម្រាប់រថយន្ត គឺលើសល្បឿន អត់ខ្សែក្រវាត់ ល្មើសសញ្ញា លើសទម្ងន់ ប្រើប្រាស់ទូរស័ព្ទ អត់ស្លាកលេខ និងស្រវឹង។
បើតាមលោកឧត្តមសេនីយ៍ឯកសម្រាប់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍ចំនួន៦លើក ស្លាប់១នាក់ របួស១៣នាក់ (របួស៩ធ្ងន់នាក់)។ សម្រាប់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០នេះដែរ មានយានយន្ត១២៣៥គ្រឿងត្រូវបានត្រួតពិនិត្យ និងផាកពិន័យ។ ក្នុងនោះ ម៉ូតូមាន ៩៧១គ្រឿង ខណៈរថយន្តមានចំនួន ២៦៤គ្រឿង។
ជាមួយគ្នានេះ លោកក៏សូមថ្លែងអំណរគុណ និងកោតសរសើរដល់ជនរួមជាតិ ជាអ្នកប្រើប្រាស់ផ្លូវទាំងអស់ ដែលបានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ រយៈពេលកន្លងមកនេះ ជាពិសេសកោតសរសើរ និងអរគុណ ដល់នគរបាលចរាចរណ៍ ដែលបានលះបង់ និងខិតខំប្រឹងប្រែងជំរុញការរឹតបន្តឹងចរាចរណ៍ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់បំផុត៕