៥ខែដំបូងឆ្នាំនេះ កម្ពុជាទទួលបានចំណូលជាង១៨លានដុល្លារ ពីការលក់សំបុត្រចូលទស្សនាអង្គរ
ខេត្តសៀមរាប ៖ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់គ្រឹះស្ថានអង្គរបានឲ្យដឹងថា ក្នុងរយៈពេល៥ខែដំបូង ឆ្នាំ២០២០នេះ កម្ពុជាទទួលបានចំណូលជាង១៨លានដុល្លារអាមេរិក ពីការលក់សំបុត្រឲ្យភ្ញៀវបរទេស ចូលទស្សនារមណីយដ្ឋានអង្គរ។
សេចក្តីប្រកាសដដែលបន្តថា នៅរយៈពេល៥ខែ ចាប់ពីខែមករា ដល់ខែឧសភា ឆ្នាំ២០២០ ភ្ញៀវបរទេសចំនួន៣៨៦,០៩៣នាក់ បានទិញបណ្ណចូលទស្សនា រមណីយដ្ឋានអង្គរ ធ្លាក់ចុះ៦៥.៤៦ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៩។ ចំណែកឯប្រាក់ចំណូលវិញ រយៈពេល៥ខែឆ្នាំនេះ ទទួលបានចំនួន១៨,០២១,៣៣៦ដុល្លារ ធ្លាក់ចុះ៦៤.១៨ភាគរយ។
សេចក្តីខាងលើបញ្ជាក់ថា សម្រាប់ប្រាក់ចំណូលជាង១៨លានដុល្លារនេះ ត្រូវដកចំនួនជាង៧៧ម៉ឺនដុល្លារអាមេរិក សម្រាប់ឧបត្ថម្ភដល់មូលនិធីគន្ធបុប្ផាកម្ពុជា ដើម្បីជួយសម្រួលដល់ដំណើរការ ព្យាបាលកុមារ ដោយឥតគិតថ្លៃនៅមន្ទីរពេទ្យគន្ធបុប្ផាទាំង៥ទីតាំង ក្នុងរាជធានីភ្នំពេញ និងខេត្តសៀមរាប៕