អាមេរិក ៖ បម្រាមគោចរត្រូវបានដាក់នៅតាមបណ្តាទីក្រុងធំៗក្នុងសហរដ្ឋអាមេរិកកាលពីថ្ងៃអាទិត្យ ខណៈការប៉ះទង្គិចគ្នាជុំវិញភាពសាហាវឃោរឃៅរបស់ប៉ូលិសបានរីករាលដាលនៅទូទាំងអាមេរិកដោយក្រុមបាតុករមិនអើពើនឹងការព្រមានពីប្រធានាធិបតី Donald Trump ដែលថា រដ្ឋាភិបាលរបស់លោកនឹងបញ្ឈប់ការតវ៉ាដោយហិង្សាទេ។
ទីក្រុង Minneapolis ដែលជាចំណុចកណ្តាលនៃភាពចលាចលនេះត្រូវរងគ្រោះដោយអំពើហិង្សារយៈពេលប្រាំយប់ជាប់ៗគ្នាដោយប៉ូលិសបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែកនិងគ្រាប់បែកបំភាំងស្មារតីទៅលើក្រុមបាតុករដែលកំពុងផ្ទុះកំហឹងចំពោះការស្លាប់របស់បុរសស្បែកខ្មៅម្នាក់ដោយស្មាដៃរបស់ប៉ូលិសក្នុងទីក្រុងនេះកាលពីថ្ងៃចន្ទសប្តាហ៍មុន។
Los Angeles, Chicago និង Atlanta ស្ថិតក្នុងចំណោមទីក្រុងជាង១០ដែលដាក់បញ្ជាឲ្យប្រជាជនស្នាក់នៅក្នុងផ្ទះនាពេលយប់ខណៈរដ្ឋកាន់តែច្រើនបានអំពាវនាវដល់ទាហានឆ្មាំជាតិឲ្យមកជួយគ្រប់គ្រងភាពវឹកវរស៊ីវិលដែលគេមិនធ្លាប់បានឃើញទាល់តែសោះនៅសហរដ្ឋអាមេរិកក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ។
ពីទីក្រុង Seattle ទៅដល់ New York, បាតុកររាប់ម៉ឺននាក់បានចេញមកតាមដងផ្លូវដោយទាមទារឲ្យមានការចោទប្រកាន់ពីបទឃាតកម្មកាន់តែខ្លាំងក្លាជាងនេះនិងការចាប់ខ្លួនបន្ថែមទៀតពាក់ព័ន្ធការស្លាប់របស់លោក George Floyd ដែលដាច់ខ្យល់បន្ទាប់ពីមន្ត្រីប៉ូលិសក្រុង Minneapolis លោក Derek Chauvin លុតជង្គង់លើកញ្ចឹងករបស់គាត់រយៈពេលជិត៩នាទី។
នៅទីក្រុង Los Angeles, ក្រុមមន្ត្រីបានបាញ់គ្រាប់កាំភ្លើងជ័រនិងវាយដំបងឆក់អំឡុងពេលប្រឈមមុខដាក់គ្នាជាមួយក្រុមបាតុករដែលបានដុតឡានប៉ូលិស៕