អ្នកចម្រៀង ម៉េង កែវពេជ្ជតា ត្រូវស្ត្រីម្នាក់ប្តឹងទាមទារជំងឺចិត្ត មួយរយរៀល
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 2 June, 2020 ក+ ក-

ភ្នំពេញ ៖ តារាចម្រៀងអ្នកស្រី ម៉េង កែវពេជ្ជតា ត្រូវបានស្ត្រីម្នាក់ឈ្មោះ រស់ សោភ័ណ្ឌ ដាក់ពាក្យប្តឹងពីបទ «បរិហារកេរ្តិ៍ជាសាធារណៈ និងសម្លុត​កុំ​ឲ្យដាក់ពាក្យបណ្តឹង»។ ក្នុងពាក្យបណ្តឹងដាក់ចូលតុលាការរាជធានីភ្នំពេញ ស្ត្រីដែលទំនងជាប្រពន្ធក្រោយរបស់​លោកឧត្តមសេនីយ៍ មួង ឃីម​ ជាអតីត​ប្តីរបស់អ្នកស្រី ម៉េង កែវពេជ្ជតា បានប្តឹងទាមទារសំណង​ជំងឺចិត្ត មួយរយរៀល(១០០រៀល)​។

ពាក្យបណ្តឹងដែលចុះថ្ងៃទី២៥ ខែឧសភា កន្លងទៅនេះ បានធ្វើឡើងបន្ទាប់ពីអ្នកស្រី ម៉េង កែវពេជ្ជតា បាននិយាយតាមហ្វេសប៊ុក កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២០​។​

គិតមកដល់រសៀល ថ្ងៃទី១ ខែមិថុនា ម្សិលមិញនេះ មិនទាន់មានការលើកឡើងបែបណាពី​ស្ត្រីអ្នកចម្រៀង ម៉េង កែវពេជ្ជតា ជុំវិញបណ្តឹងដល់តុលាការរាជធានីភ្នំពេញ នៅឡើយទេ៕