ជប៉ុន ៖ ប្រទេសជប៉ុនកំពុងពិចារណាបើកព្រំដែនរបស់ខ្លួនឡើងវិញដល់អ្នកធ្វើដំណើរមកពីប្រទេសដែលមានអត្រាឆ្លងវីរុសកូរ៉ូណាទាប ខណៈដែលខ្លួនចាប់ផ្តើមបន្ធូរបន្ថយការរឹតបន្តឹងដែលបានដាក់កាលពីដើមឆ្នាំនេះដើម្បីគ្រប់គ្រងការផ្ទុះឡើងនៃវីរុស។
នៅពេលសាលារៀន រោងកុន ក្លឹបកីឡា និងហាងលក់ទំនិញបានបើកដំណើរការជាថ្មីនៅទីក្រុងតូក្យូនៅថ្ងៃចន្ទប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍ថា រដ្ឋាភិបាលក៏គ្រោងនឹងអនុញ្ញាតឲ្យអ្នកដំណើរមកពីប្រទេសថៃ វៀតណាម អូស្ត្រាលី និងនូវែលហ្សេឡង់ចូលមកក្នុងប្រទេសនៅប៉ុន្មានខែខាងមុខនេះ។ ប៉ុន្តែមិនទាន់មានការអត្ថាធិប្បាយភ្លាមៗណាមួយពីក្រសួងការបរទេសនៅឡើយទេ។
នៅក្នុងប្រទេសជប៉ុនគិតត្រឹមព្រឹកថ្ងៃចន្ទមានករណីឆ្លងវីរុសកូរ៉ូណាប្រហែលជា១៧ពាន់ករណី និងមានអ្នកស្លាប់ប្រមាណ៩០០នាក់។ ចាប់តាំងពីខែកុម្ភៈប្រទេសជប៉ុនបានហាមឃាត់ការចូលរបស់ជនបរទេសដើម្បីកំណត់ការរីករាលដាលនៃវីរុសពីភ្ញៀវទេសចរបរទេស។
ដោយដកស្រង់ប្រភពដែលមិនបញ្ចេញឈ្មោះកាសែត Asahi Shimbun បាននិយាយថា រដ្ឋាភិបាលកំពុងពិចារណាក្នុងការអនុញ្ញាតឲ្យអ្នកធ្វើជំនួញមកពីប្រទេសចំនួនបួនចូលប្រសិនបើពួកគេធ្វើតេស្តអវិជ្ជមានសម្រាប់ជំងឺ COVID-19 ក្នុងការធ្វើតេស្តដាច់ដោយឡែកចំនួនពីរដែលធ្វើឡើងនៅពេលចាកចេញពីប្រទេសកំណើតរបស់ពួកគេ និងមកដល់ជប៉ុន។
កាសែតនេះបាននិយាយថា នៅពេលត្រូវបានអនុញ្ញាតចូលក្នុងប្រទេស ការធ្វើដំណើររបស់ភ្ញៀវទេសចរនឹងត្រូវបានដាក់កម្រិតក្នុងតំបន់រួមទាំងកន្លែងស្នាក់នៅ ការិយាល័យក្រុមហ៊ុន និងរោងចក្រ ខណៈដែលការប្រើប្រាស់មធ្យោបាយធ្វើដំណើរសាធារណៈនឹងត្រូវហាមឃាត់។
រួមជាមួយប្រទេសជប៉ុនក្នុងនោះប្រទេសថៃ វៀតណាម អូស្ត្រាលី និងនូវែលហ្សេឡង់គឺជាសមាជិកនៃភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (TPP-11) ហើយមានទំនាក់ទំនងពាណិជ្ជកម្មរឹងមាំជាមួយប្រទេសជប៉ុន។
យោងតាមអង្គការសុខភាពពិភពលោកបានឲ្យដឹងថា តំបន់អាស៊ីអាគ្នេយ៍មានការឆ្លងជំងឺ COVID-19 ចំនួន ៤.៤ ភាគរយពោលទាបជាងអាមេរិក ឬអឺរ៉ុបដែលអត្រាក្នុងទ្វីបនីមួយៗមានប្រហែល ៤០ ភាគរយ៕