ខេត្តបន្ទាយមានជ័យ ៖ មេឃបង្អុរភ្លៀងធ្លាក់នាំយកមកជាមួយខ្យល់កន្ត្រាក់ហើយបានបោកបក់យ៉ាងខ្លាំងមកលើស្រុកក្រុងចំនួន ដោយបំផ្លាញលំនៅដ្ឋានបងប្អូនប្រជាពលរដ្ឋអស់ជាច្រើនខ្នងនិងបានឆក់យកជីវិតក្មេងប្រុស-ស្រីខណៈកំពុងស៊ីឈ្នួលដាំដំឡូងអោយគេ។ ហេតុការណ៍នេះកើតឡើងនាល្ងាចថ្ងៃទី៣១ ខែឧសភា ហើយនៅព្រឹកថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២០ ក្រោយថ្ងៃកើតហេតុ អភិបាលក្រុង សិរីសោភ័ណ លោក ហ៊ឹល រ៉ាយ៉ា បានដឹកនាំក្រុមការងារចុះជួបសាកសួរសុខទុក្ខនិងជួសជុលលំនៅដ្ឋានជូនពួកគាត់វិញដោយប្រើប្រាស់កងកម្លាំងចម្រុះ មានកម្លាំងអាវុធហត្ថ ក្រុង កម្លាំងនគរបាល ក្រុង ផ្នែកសឹករងក្រុង និងមានការចូលរួមពីកងកម្លាំងតំបន់ប្រតិបត្តិការសិករងខេត្ត បានប្រេីប្រាស់មធ្យោបាយសរុប កម្លាំងសរុប វិធានការសរុប ។
យោងតាមរបាយការណ៍របស់អាជ្ញាធរមូលដ្ឋានបានអោយដឹងថាក្រុងសិរីសោភ័ណមានសង្កាត់ចំនួនពីរបានទទួលរងនូវផលប៉ះពាល់ក្នុងនោះមានសង្កាត់ម្កាក់ និងសង្កាត់ភ្នៀតសរុបចំនួន១១ខ្នងផ្ទះ ។
លោក ហ៊ឹល រ៉ាយ៉ា អភិបាលនៃគណៈអភិបាលក្រុងសិរីសោភ័ណក៏បានប្រគល់សង្ក័សីដែលជាអំណោយ ឯកឧត្ដម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តបន្ទាយមានជ័យ និងលោកជំទាវ ប្រគល់ជូនគ្រួសាររងគ្រោះទាំង២សង្កាត់ខាងលើផងដែរ។
ជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋរងគ្រោះ លោក ហ៊ឹល រ៉ាយ៉ា បានក្រើនរំលឹក ឲ្យបងប្អូនពលរដ្ឋត្រូវមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ចំពោះបាតុភូតធម្មជាតិដែលតែងកេីតមាន ជាក់ស្តែវនូវរដូវនេះភ្លៀងបានចាប់ផ្តេីមធ្លាក់ជាបន្តបន្ទាប់ លាយឡំ ជាមួយនឹងផ្គរ រន្ទះ និងខ្យល់កន្រ្តាក់ ដែលវាធ្វេីឲ្យប៉ះពាល់ដល់ផ្ទះសំបែងរបស់បងប្អូនប្រជាពលរដ្ឋ មិនតែប៉ុណ្ណោះទៀតសោតវាក៏បានឆក់យកអាយុជីវិតសមាជិកគ្រួសារបងប្អូនផងដែរតាមរយៈរន្ទះបាញ់ជាដើម។ ដូច្នេះសូមបងប្អូន បង្កើនការប្រុងប្រយត្ន័អោយបានបានខ្ពស់ នៅពេលមេឃរកកលចង់ភ្លៀង ឬផ្គរ រន្ទះ ខ្យល់កន្ត្រាក់ សូមបងប្អូនរកកន្លែងមានសុវត្ថិភាព ជៀសវាងរងគ្រោះជាយថាហេតុ។
សូមបញ្ជាក់ផងដែរថា ៖ កាលពីល្ងាចថ្ងៃទី៣១ខែឧសភា ឆ្នាំ២០២០ នោះដែរក្រៅពីក្រុងសិរីសោភ័ណនៅមានស្រុកមួយចំនួនទៀតក៏ទទួលរងគ្រោះដោយខ្យល់កន្ត្រាក់នេះដែរក្នុងនោះមានស្រុកព្រះនេត្រព្រះ រលំលំនៅដ្ឋានរបស់ប្រជាពលរដ្ឋចំនួន៧ខ្នង សាលារៀន១ខ្នង ខូចខាតរបើកដំបូល។ ស្រុកស្វាចេក មានក្មេងប្រុសម្នាក់អាយុ១៥ឆ្នាំបានស្លាប់ និងយុវតីម្នាក់ អាយុ១៨ឆ្នាំ រងរបួស ដោយសាររន្ទះបាញ់ ខណៈពេលដែលជនរងគ្រោះទាំង២នាក់ ទៅស៊ីឈ្នួលដាំដំឡូងមីឲ្យអ្នកភូមិជាមួយ នៅចម្ងាយពីភូមិភូមិប្រមាណ២.១០០ម៉ែត្រ ត្រង់ចំណុចត្រពាំងក្រសាំងចំងាយពីភូមិខ្វាវកើត ឃុំរលួស ស្រុកស្វាយចេក ។ ជនរងគ្រោះឈ្មោះ ឡោម សុជាតិ ភេទប្រុស អាយុ ១៥ឆ្នាំ រស់នៅភូមិបែកចានថ្មី ឃុំរលួស ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ស្លាប់នៅនឹងកន្លែង ហេីយត្រូវបានក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី និងម្នាក់ទៀតឈ្មោះ យិន ឈុនលី ភេទ ស្រី អាយុ ១៨ឆ្នាំ រស់នៅភូមិ ឃុំជាមួយគ្នា (របួស) ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកស្វាយចេក៕