ក្រុងព្រះសីហនុ ៖ ជាថ្មីម្តងទៀតសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានបន្តអំពាវនាវឲ្យប្រជាពលរដ្ឋបន្តចរាចរណ៏ក្រដាសប្រាក់១$ ២$ និង៥ដុល្លារ ដោយគ្មានការកាត់ ទឹកអ្វីទាំងអស់។ សម្តេចតេជោ លើកទឹកចិត្តឲ្យពលរដ្ឋប្តឹងមកសមត្ថកិច្ច បើកន្លែងប្តូរលុុយណាកាត់ទឹក ក្រដាសប្រាក់ ១$ ២$ និង៥ដុល្លារ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានប្រាប់ទៅកម្លាំងមាន សមត្ថកិច្ចចាប់ខ្លួន អ្នកដែលបំផុសព័ត៌មានថា ក្រដាសប្រាក់១$ ២$ និង៥ដុល្លារ មិនអាចចាយវាយទៀតនៅទីផ្សារ ព្រោះការបំផុសនេះធ្វើឲ្យអាជីវករ និងកន្លែងលក់ដូរលែងទទួលយកក្រដាសប្រាក់ប្រភេទនេះ។ កាលពីសប្តាហ៏ សម្តេចតេជោ បានបញ្ជាក់ម្តងរួចហើយថា ក្រដាសប្រាក់ដុល្លារទាំងបីប្រភេទ នេះ នៅចរាចរណ៏ធម្មតា ដោយគ្មានការកាត់ទឹកអ្វីទាំងអស់។ សម្តេចតេជោ លើកទឹកចិត្តឲ្យពលរដ្ឋប្តឹងមកសមត្ថកិច្ច បើកន្លែងប្តូរលុុយណាកាត់ទឹក ក្រដាស ប្រាក់ ១$ ២$ និង៥ដុល្លារ។
សូមជម្រាបថា ធនាគារជាតិនៃកម្ពុជា នៅរសៀលថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០ ២០ ចេញសេចក្តីប្រកាសព័ត៌មានផ្លូវការមួយបញ្ជាក់យ៉ាងច្បាស់ថា ក្រដាសប្រាក់ដុល្លារអាមេរិកប្រភេទ ១$ ២$ និង ៥$ នៅតែចាយបានដូចធម្មតានៅលើទីផ្សារ មិនមានការហាមឃាត់នោះទេ ប៉ុន្តែនៅពេលខាងមុខធនាគារជាតិនៃកម្ពុជា នឹងផ្អាកការទទួលយកក្រដាសប្រាក់ដុល្លារអាមេរិកទាំងនេះពីគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុតែប៉ុណ្ណោះ។
សេចក្តីប្រកាសព័ត៌មាន របស់ធនាគារជាតិនៃកម្ពុជា នឹងផ្តល់ពេលវេលាចំនួន៣ខែ ចាប់ពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២០ ដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ ដល់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ដើម្បីនាំយកក្រដាសប្រាក់ដុល្លារអាមេរិកប្រភេទ ១$ ២$ និង ៥$ មកធនាគារជាតិនៃកម្ពុជា ដើម្បីដឹកជញ្ជូនចេញទៅក្រៅប្រទេស ដោយឥតគិតកម្រៃសេវា។ បន្ទាប់ពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ ធនាគារជាតិនៃកម្ពុជានឹងផ្ទេរការចំណាយដឹកជញ្ជូនចេញទៅក្រៅប្រទេសលើក្រដាសប្រាក់ដុល្លារអាមេរិកប្រភេទ ១$ ២$ និង ៥$ ឱ្យគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ជាអ្នករ៉ាប់រងវិញ។ ចំពោះការទទួលក្រដាសប្រាក់ដុល្លារអាមេរិកប្រភេទ ១០$ ឡើងទៅ គឺមិនមានកម្រៃសេវាទេ។ ធនាគារជាតិនៃកម្ពុជា នឹងបន្តពិភាក្សាជាមួយគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ដើម្បីឈានទៅកំណត់ពេលវេលាណាមួយសមស្រប ដើម្បីផ្អាកការទទួលក្រដាសប្រាក់ដុល្លារអាមេរិក ប្រភេទតូចទាំងស្រុងពីគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ៕