ខេត្តបន្ទាយមានជ័យ ៖ បុរសម្នាក់ត្រូវបានកប់នៅក្នុងគំនរទឹកកកនិងពីរនាក់ទៀតត្រូវបានគេជួយសង្គ្រោះគ្រាដែលរថយន្តដឹកទឹកកករបស់ក្រុមហ៊ុន គីម ជី ក្រឡាប់សង្កត់លើ។ ហេតុការណ៍នោះកើតឡើងកាលពីវេលាម៉ោង៦ និង២០នាទីព្រឹកថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២០ លើកំណាត់ ផ្លូវជាតិលេខ៥ ត្រង់ចំណុចស្រះដេីមអំពិល ស្ថិតក្នុងភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។
អ្នកឃើញហេតុការណ៍និយាយថា រថយន្តដែលដឹកទឹកកករបស់ក្រុមហ៊ុនខាងលើបើកបរក្នុងល្បឿនលឿនរេក្រឡាប់លើអ្នកបើកបរម៉ូតូធ្វើដំណើរច្រាស់ទិសគ្នាបណ្តាលអោយអ្នកបើកនិងអ្នករួមដំណើរកប់ក្រោមគំនរទឹកកកស្លាប់យ៉ាងអាណោចអាធមនិងពីរនាក់ទៀតរងរបួសធ្ងន់។
ប្រធានការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកលោក សួន នីប៉ូ បានអោយដឹងថារថយន្តដឹកទឹកកកដែលបង្ករគ្រោះថ្នាក់ពាក់ ស្លាកលេខ3A-1190បន្ទាយមានជ័យបេីកបរពីកេីតទៅលិច ក្នុងល្បឿនលឿនឡើងជែងរថយន្តពេលមានឧបសគ្គខាងមុខហើយប្រឹង កាច់ចង្កូតទៅស្តាំដៃផ្លូវរបស់ខ្លួនវិញ ដោយល្បឿនលឿនពេកក៏បណ្តាលអោយរថយន្តក្រឡាប់សង្កត់លើម៉ូតូហុងដាទ្រីម សេ125 ពាក់ស្លាកលេខ1F-9337 បន្ទាយមានជ័យដែលកំពុងបេីកបរពីលិចមកកើត (ច្រាស់ទិសគ្នា) បណ្តាលស្លាប់ម្នាក់ជាអ្នកបើកបរម៉ូតូ និងរបួសធ្ងន់ពីរនាក់ជាអ្នករួមដំណើរ។លោកបន្តថាក្រោយបង្ករគ្រោះថ្នាក់អ្នកបើកបររថយន្ត និងអ្នករួមដំណើរ (ព្រូ) ក៏រងរបួសស្រាលផងដែរ។
ក្រោយពីបានពិនិត្យទីតាំងកើតហេតុរួចមក កម្លាំងជំនាញបាននាំយកវត្ថុតាងមករក្សាទុកនៅការិយាល័យចរាចរណ៍ខេត្ត រីឯសពប្រគល់ជូនទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។
ជុំវិញនៃគ្រោះថ្នាក់នេះដែរ បងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរលើដងផ្លូវបានទទួចសុំអោយមន្ត្រីជំនាញនៃការិយាល័យចរាចរណ៍មេត្តាជួយអប់រំនិងរឹតបន្តឹងច្បាប់ចរាចរណ៍ដល់ពួកក្រុមអ្នកបើកបររថយន្តដឹកទឹកកកផងព្រោះជាទូទៅរាល់ការបើកបររបស់ពួកគេហាក់មានការព្រហើន លឿន ជែង គ្មានគោរពសិទ្ធិអត្ថិភាព ។ មួយវិញទៀតពួកគាត់ងើបពីយប់ដឹកទឹកកកទៅចែកចាយតាមទីជនបទ ការគេងមិនគ្រប់គ្រាន់គឺជាដើមចមនៃគ្រោះថ្នាក់ចរាចរណ៍៕