ជប៉ុន៖ប្រជាជនជប៉ុននៅទីក្រុង Hiroshima ដែលបានរំឭកខួប៧០ឆ្នាំ នៃមហាវិនាសកម្មដោយសារការទម្លាក់គ្រាប់បែកបារ៉ាម៉ាណូពីយន្តហោះអាមេរិក បានទទូចឱ្យពិភពលោកគ្មានអាវុធ ប្រល័យលោក ឬអាវុធនុយក្លេអ៊ែរ។
ការអំពាវនាវនេះធ្វើឡើង នៅថ្ងៃព្រហស្បតិ៍ ទី៦ ខែសីហានេះ គឺជាព្រឹត្តិការណ៍ ដែលអាមេរិកទម្លាក់គ្រប់បែកបារ៉ាម៉ាណូ នៅថ្ងៃទី៦ ខែសីហា ឆ្នាំ១៩៤៥ ទៅលើកោះ Hiroshima ដោយបានសម្លាប់ ១៤០០០០នាក់ ហើយ៣ថ្ងៃក្រោយមកអាមេរិកទម្លាក់គ្រាប់បែកប្រល័យលោកនេះមួយគ្រាប់ទៀត ទៅលើកោះ Nagasaki ដោយសម្លាប់មនុស្ស ៧០០០០នាក់ថែមទៀត។ ព្រឹត្តិការណ៍នៅគ្រានោះ ជាការបិទបញ្ចប់សង្គ្រាមលោកលើកទី២។
អភិបាលក្រុង Hiroshima លោក Kazumi Matsui ដែលតំណាងគ្រួសារជនរងគ្រោះរាប់ពាន់នាក់ មកចូលរួមរំឭកខួប៧០ឆ្នាំ នៃមហាវិនាសកម្មដោយគ្រាប់បែកប៉ារាម៉ាណូ បានទទូចឱ្យលោក អូបាម៉ា ប្រធានាធិបតីអាមេរិក និងមេដឹកនាំពិភពលោកឯទៀត ខិតខំធ្វើឱ្យពិភពលោកមួយគ្មានអាវុធនុយក្លេអ៊ែរ។ លោក Kazumi Matsui បានហៅអាវុធនុយក្លេអ៊ែរ ជាអាវុធប្រល័យលោក ជាអាវុធបិសាច ដែលត្រូវបំផ្លាញចោល។ លោកបញ្ជាក់ថា ពិភពលោកសព្វថ្ងៃនេះមានអាវុធនុយក្លេអ៊ែរ ១៥០០០គ្រាប់៕
រូបភាពទីអគារបាក់បែកដោយការទម្លាក់គ្រាប់ប៉ារាម៉ាណូនៅទីក្រុង Hiroshima ប្រទេសជប៉ុន (រូបថត៖ telegram.com)