កូនសត្វទន្សោងញី១ក្បាលត្រូវបានមន្ត្រីឧទ្យានុរក្សរកឃើញស្លាប់នៅក្នុងតំបន់ស្នូលនៃដែនជម្រកសត្វព្រៃលំផាត់
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 5 June, 2020 ក+ ក-

ខេត្តមណ្ឌលគិរី ៖ កូនសត្វទន្សោងញីមួយក្បាល ដែលមានអាយុប្រមាណទើប ៣ខែទៅ ៤ខែ ត្រូវបានមន្ត្រីឧទ្យានុរក្សរកឃើញថា ស្លាប់កាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២០ នៅក្នុងតំបន់ស្នូលនៃដែនជម្រកសត្វព្រៃលំផាត់ក្នុងស្ថិតក្នុង ភូមិរវាក់ ឃុំរយ៉ ស្រុកកោះញែក ខេត្តមណ្ឌលគិរី។ នេះគឺជាការថ្លែងឱ្យដឹងរបស់ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថាន នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២០នេះ ដោយលោកបានបញ្ជាក់ថា កូនសត្វទន្សោងញី ដែលដេកស្លាប់នេះមានរបួសដាច់កជើងក្រោយខាងស្តាំ ដោយសារតែជាប់អន្ទាក់របស់ព្រានព្រៃ។

លោករដ្ឋលេខាធិការបានថ្លែងថា តាមការត្រួតពិនិត្យ និងវិនិច្ឆ័យរបស់មន្ត្រីឧទ្យានុក្ស ឃើញថា កូនសត្វទន្សោង (ញី) បានស្លាប់ប្រហែលជា ៤ទៅ ៥ថ្ងៃមុនរកឃើញ។ កជើងម្ខាង ក្រោយខាងស្តាំត្រូវបានដាច់ និងមានស្នាមបាក់ជើងជាសញ្ញាជាប់អន្ទាក់។ មានស្ថានភាពស្អុយរលួយខ្លាំង មិនអាចចូលទៅជិតបាន។ តាមការសន្និដ្ឋានរបស់មន្ត្រីឧទ្យានុរក្ស គឺកូនសត្វទន្សោង(ញី) ដែលបាន ស្លាប់នៅចំណុចខាងលើបណ្តាលមកពីជាប់អន្ទាក់ខ្សែកាប ដែលជនល្មើស បានលួចចូលមកក្នុងព្រៃតំបន់ស្នូលខាងលើ ដើម្បីដាក់អន្ទាក់សត្វព្រៃគ្រប់ប្រភេទ ក្រោយពេលដែលមន្ត្រីឧទ្យានុក្ស វិលត្រឡប់ពីល្បាតវិញ។

បើតាមលោកបានថ្លែងថាចាប់តាំងពីខែមករាដល់ខែមិថុនានេះ សត្វទន្សោងចំនួន៥ ក្បាលហើយដែលបាន រកឃើញថា ស្លាប់ក្នុងតំបន់ការពារធម្មជាតិរបស់កម្ពុជា ដែលក្នុងនោះ ១ ក្បាលរកឃើញស្លាប់ដោយ ជាប់អន្ទាក់នៅក្នុងខេត្តកំពង់ស្ពឺ ១ ក្បាលស្លាប់ដោយជាប់អន្ទាក់ក្នុងដែនជម្រកសត្វព្រៃសង្ឃរុក្ខវ័នក្នុង ខេត្តឧត្តរមានជ័យ និង ៣ ក្បាលក្នុងតំបន់ជាប់នឹងដែនជម្រកសត្វព្រៃភ្នំព្រេចដោយសារការបាញ់ សម្លាប់ និងកូនទន្សោងញី ១ ក្បាលរកឃើញស្លាប់ក្នុងដែន ជម្រកសត្វព្រៃលំផាត់។

រដ្ឋលេខាធិការក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា បានថ្លែងថា សកម្មភាពនៃការលួចបរបាញ់សត្វ និងការដាក់អន្ទាក់ចាប់សត្វនៅតែបន្តកើតមាន ហើយអន្ទាក់គឺជាឃាតកលាក់មុខបន្តសម្លាប់សត្វព្រៃ ជារៀងរាល់ថ្ងៃ៕