ផ្លូវក្រាលកៅស៊ូ AC ចំនួន៧ខ្សែ និងសំណង់សិល្បការតាមដងផ្លូវ បានបើកការដ្ឋានជួសជុលជាស្ថាពរ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 6 June, 2020 ក+ ក-

ខេត្តកែប ៖ នៅព្រឹកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២០ លោក សោម ពិសិដ្ឋ អភិបាល នៃគណៈអភិបាលខេត្ត បានប្រកាសឲ្យដំណើរការការដ្ឋានជួសជុលផ្លូវAC ចំនួន ៧ ខ្សែប្រវែងសរុប ២.៤២៤ ម៉ែត្រ ស្ថិតនៅភូមិថ្មី សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប ។

ក្នុងពិធីបើកការដ្ឋាននេះ លោកអភិបាល នៃគណៈអភិបាលខេត្តកែប មានប្រសាសន៍ថា នេះជា ការឆ្លើយតបចំពោះសេចក្តីត្រូវការបងប្អូនប្រជាពលរដ្ឋក្នុងខេត្តកែបទាំងមូល។ ព្រោះផ្លូវទាំងនេះ មានសភាពចាស់ទ្រុឌទ្រោម ពិបាកក្នុងការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ទើបរដ្ឋបាលខេត្ត ប្រើប្រាស់ធនធានដែលមាន ដើម្បីជួសជុលផ្លូវនេះឱ្យមានសភាពល្អប្រសើរឡើងវិញ ព្រោះថាផ្លូវទាំងនេះ បម្រើឲ្យការធ្វើដំណើរ ការដឹកជញ្ជូនកសិផល របស់បងប្អូន។

លោកអភិបាលខេត្ត បានបញ្ជាក់ថា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី តែងតែយកចិត្តទុកដាក់ខ្ពស់លើកការអភិវឌ្ឍគ្រប់វិស័យ ជាពិសេសការលំបាករបស់បងប្អូនប្រជាពលរដ្ឋនៅមូលដ្ឋាន ទើបប្រទេសយើងមានសុខសន្តិភាពដូចបច្ចុប្បន្ន ទើបទើបយើងមានឱកាសអភិវឌ្ឍន៍ កសាងផ្លូវលំ ផ្លូវថ្នល់ ដើម្បីបម្រើផលប្រយោជន៍របស់ប្រជាពលរដ្ឋដូចសព្វថ្ងៃ។ មិនត្រឹមតែប៉ុណ្ណោះ ឯកឧត្តមបានបញ្ជាក់ថា មានសន្តិភាពទើបមានអ្វីៗដូចពេលនេះ ។

លោកអភិបាលខេត្ត ក៏បានបញ្ជាក់ទៀតដែរថា ក្រោយផ្លូវទាំង ៧ខ្សែនេះ បានជួសជុលរួច សូមប្រជាពលរដ្ឋ និងអ្នកប្រើប្រាស់ផ្លូវទាំងអស់ សូមជួយថែរក្សា និងប្រើប្រាស់ផ្លូវទាំងនេះឲ្យបានគង់វង្សយូរអង្វែង៕