ភ្នំពេញ៖ លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ និងប្រធានស្តីទីក្រុមមតិភាគតិចនៅរដ្ឋសភា នឹងជួបលោកឧបនាយក រដ្ឋមន្ត្រី ស ខេង ប្រធានក្រុមតំណាងរាស្ត្រមតិភាគច្រើននៅរដ្ឋសភា នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៥ ខាងមុខនេះ នៅវិមានរដ្ឋសភា នៅវេលាម៉ោង ០៥ៈ០០នាទីល្ងាច។ នេះបើយោងតាមការបញ្ជាក់របស់អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ នៅល្ងាចថ្ងៃនេះ។
ប្រភពព័ត៌មានបានឲ្យដឹងថា សមាសភាពដែលត្រូវជួបពិភាក្សានោះ ខាងគណបក្សសង្គ្រោះជាតិ រួមមានលោក កឹម សុខា លោក ប៉ុល ហំម និងលោក អេង ឆៃអ៊ាង។ ចំណែកខាងគណបក្សប្រជាជនកម្ពុជា ដឹកនាំដោយលោកឧបនាយករដ្ឋមន្ត្រី ស ខេង រួមទាំងមន្ត្រីជាន់ខ្ពស់មួយចំនួន ទៀត។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក ឈឹម ផលវរុណ បាន បញ្ជាក់នៅវេលាល្ងាចថ្ងៃទី៧ ខែសីហា នេះថា ការជួបគ្នារវាងលោក ស ខេង ជាមួយលោក កឹម សុខា គឺទៅតាមបរិបទនយោបាយ ដែលត្រូវនិយាយតាមរយៈវប្បធម៌សន្ទនាក្នុងក្របខណ្ឌនៃក្រុមតំណាងរាស្ត្រភាគ តិច និងភាគច្រើន។ ប៉ុន្តែចំពោះប្រធានបទបំពានលើអំណាចតុលាការ គឺសម្រាប់គណបក្សប្រជាជនកម្ពុជា គឺមិនទទួលយកជាដាច់ខាត ហើយរាល់ការប៉ុនប៉ង រាល់ការសាកល្បងយកប្រធានបទពាក់ព័ន្ធទៅនឹងឯក រាជ្យភាពរបស់តុលាការមកនិយាយ គឺអត់ទេ គឺនិយាយតែពីបរិបទនយោ បាយ សម្រាប់ប្រទេសជាតិ ហើយរឿងមនុស្សជាប់ពន្ធនាគារ មិនមែនជារឿងប្រទេសជាតិទេ ជារឿងនីតិរដ្ឋ។
ចំណែកអ្នកនាំពាក្យស្តីទីគណបក្សសង្គ្រោះជាតិលោក អ៊ូ ច័ន្ទឫទ្ធិ បានបញ្ជាក់់ថា នៅក្នុងជំនួបរវាងលោក កឹម សុខា ជាមួយលោក ស ខេង នឹងនិយាយពីបញ្ហាទូទៅ និងពីបញ្ហាកិច្ចព្រមព្រៀងថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៤កន្លងមក នឹងដោះស្រាយបញ្ហាតាមរយៈវប្បធម៌សន្ទនាដែល គណ បក្ស មានអាសនះនៅក្នុងសភាបានព្រមព្រៀងគ្នា៕ដោយ៖បូរ៉ាស៊ី