ប្រេស៊ីល ៖ ប្រធានាធិបតីប្រេស៊ីល លោក Jair Bolsonaro បានគំរាមកាលពីថ្ងៃសុក្រ (៥ មិថុនា) ដើម្បីដកចេញពីអង្គការសុខភាពពិភពលោក (WHO) បន្ទាប់ពីអង្គការអន្តរជាតិមួយនេះបានព្រមានប្រេស៊ីលអំពីការដកវិធានការរឹតត្បិតលឿនពេក ខណៈដែលជំងឺ COVID-19 មិនទាន់ធូរស្រាលផងនោះ។ នេះបើតាមការចេញផ្សាយដោយ CNA នាព្រឹកថ្ងៃសៅរ៍ ទី០៦ ខែមិថុនា ឆ្នាំ២០២០។
ការព្រមានដោយអង្គការ WHO និងការគំរាមដកខ្លួនចេញពីអង្គការមួយនេះ ដោយប្រទេសប្រេស៊ីល បានកើតមានឡើងបន្ទាប់ពីកាសែត ហ្វូឡា ដឺ សៅប៉ូឡូ (Folha de S.Paulo) បានចុះផ្សាយអត្ថបទមួយនៅទំព័រមុខរបស់ខ្លួនថា «១០០ថ្ងៃកន្លងមកហើយ… វីរុសដែលលោក បូលសូណារ៉ូ ចាត់ទុកថាជាជំងឺផ្តាសាយតូចតាចនោះ បានផ្តាច់ជីវិតប្រជាជនប្រេស៊ីលរៀងរាល់នាទី។ អំឡុងពេលដែលលោកអ្នកអានកាសែតនេះ ប្រជាជនប្រេស៊ីលម្នាក់បន្ថែមទៀតបានស្លាប់ដោយសារវីរុសកូរ៉ូណា»។
សេចក្តីរាយការណ៍អំពីស្ថានភាពជំងឺ COVID-19 នៅប្រេស៊ីលកាលពីថ្ងៃសុក្រ បានធ្វើឲ្យប្រទេសអាមេរិកឡាទីនមួយនេះឡើងទៅឈរលេខ៣ ក្នុងនាមជាប្រទេស មានករណីស្លាប់ ច្រើនជាងគេលើលោកបន្ទាប់ពីសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស ខណៈចំនួនករណីឆ្លងវិញគឺប្រទេសនេះបានឈរនៅលេខ ២ បន្ទាប់ពីសហរដ្ឋអាមេរិក៕