ប្រតិបត្តិករទេសចរ ជំរុញអោយពលរដ្ឋធ្វើដំណើរកម្សាន្តក្នុងស្រុក ប្រសើរជាងទៅបរទេសក្នុងស្ថានភាពកូវីដ-១៩
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 7 June, 2020 ក+ ក-

ភ្នំពេញ ៖ ក្នុងពេលស្ថានភាពកូវីដ ១៩ នៅតែបន្តជះឥទ្ធិពលអាក្រក់ទៅលើវិស័យផ្សេងៗ ដែលគាំទ្រដល់កំណើនសេដ្ឋកិច្ចជាតិ ក្នុងនោះវិស័យទេសចរណ៍ក៏បានរងផលប៉ះពាល់ធ្ងន់ធ្ងរពីកូវីដ១៩នេះដែរ ដែលធ្វើអោយកម្ពុជាបាត់បង់ភ្ញៀវទេសចរទាំងជាតិនិងអន្តរជាតិរាប់លាន ហើយក៏បានធ្វើអោយបាត់បង់ចំណូលរាប់ពាន់លានផងដែរនោះ ប្រតិបត្តិករវិស័យទេសចរបានជំរុញអោយពលរដ្ឋធ្វើដំណើរកម្សាន្តក្នុងស្រុកឡើងវិញដើម្បីទប់ស្កាត់ការធ្លាក់ចុះបន្តទៀតនៅក្នុងវិស័យនេះ ។

បើតាមលោក ឱម ផារិន អគ្គនាយកក្រុមហ៊ុនទេសចរណ៍ Charming Cambodia Tours ថ្លែងក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃទី០៦ មិថុនា ២០២០នេះ បានអោយដឹងថា បច្ចុប្បន្ននេះ វិស័យមួយជាច្រើនកំពុងប្រឈមនឹងបញ្ហាដោយសារតែវិបត្តិកូវីដ១៩ហើយវិស័យទេសចរណ៍ជាវិស័យមួយដែលរងគ្រោះធ្ងន់ផងដែរពីជំងឺកូវីដ១៩នេះ ជាក់ស្ដែងចាប់តាំងពីផ្ទុះជំងឺនេះនៅលើពិភពលោកកម្ពុជាបានបាត់បង់ភ្ញៀវទេសចរបរទេសរាប់លាននាក់ ដូច្នេះបើមិនមានវិធានការក្នុងការទប់ស្កាត់និងស្រោចស្រង់ឡើងវិញនោះទេ វានឹងបន្តបាត់បង់កាន់តែច្រើននិងប៉ះពាល់សេដ្ឋកិច្ចកាន់តែខ្លាំងផងដែរ ។

លោកបន្តថា ដើម្បីទប់ស្កាត់នូវកាត់ធ្លាក់ចុះនៃវិស័យទេសចរណ៍បន្តទៀតនោះ ក្នុងនាមជាប្រតិបត្តិករទេសចរមួយរូបនៅកម្ពុជាសម្រេចបង្កើតកញ្ចប់ទេសចរណ៍ក្នុងស្រុក និងអំពាវនាវអោយពលរដ្ឋធ្វើដំណើរកម្សាន្តក្នុងស្រុកទៅកាន់គោលដៅទេសចរណ៍មួយចំនួនតាមបណ្ដាខេត្តសក្ដានុពលដូចជាខេត្តជាប់មាត់សមុទ្រ ខេត្តសៀមរាប និងខេត្តភូមិភាគឦសានជាដើម ។

លោកបន្ថែម ការបង្កើតកញ្ចប់សេវាកម្មទេសចរណ៍ក្នុងស្រុកនេះ ដោយសារតែអស់រយៈពេលប៉ុន្មានខែកន្លងមកហើយ ចាប់តាំងពីផ្ទុះកូវីដ១៩មកពលរដ្ឋកម្ពុជាជាច្រើននៅសំងំតែក្នុងផ្ទះឬទៅបំពេញការងារធម្មតា ដោយមិនបានធ្វើដំណើរទៅកម្សាន្តនៅក្រៅប្រទេសឬក៏តំបន់ទេសចរណ៍នានាក្នុងប្រទេសព្រោះតែមិនទាន់ទុកចិត្តស្ថានភាពកូវីដ១៩ ។ ហេតុដូច្នេះការបង្កើតកញ្ចប់ទេសចរណ៍នេះឡើងនឹងនាំពលរដ្ឋកម្ពុជាទៅកាន់រមណីយដ្ឋានថ្មីៗ មិនធ្លាប់មានដោយរមណីយដ្ឋានខ្លះជាលក្ខណៈឯកជនដូច្នេះបើសិនជាធ្វើដំណើរលក្ខណៈឯកជន ក៏មិនអាចចូលទស្សនាបានដែរជាក់ស្ដែងចំការម្រេចនៃក្រុមហ៊ុន La Plantation នៅខេត្តកំពតជាដើម ។ លោកថា៖« ការធ្វើដំណើរជាមួយកញ្ចប់សេវាទេសចរណ៍ក្នុងស្រុកនេះ អ្នករៀបចំនឹងគិតគូរម៉ត់ចត់ពីវិធានការការពារទៅតាមក្រសួងសុខាភិបាល ដោយក្នុងនោះ រថយន្តដែលធ្លាប់ផ្ទុក៣០នាក់មកផ្ទុកត្រឹម១៥នាក់ និយាយរួមគឺត្រូវកាត់បន្ថយជាងពាក់កណ្ដាល ហើយមុននឹងឡើងរថយន្តតម្រូវអោយស្ទង់កំដៅក្នុងខ្លួនលាងអាល់កុល និងចែកម៉ាស់ជូនម្នាក់១ឬពីរក្នុងមួយថ្ងៃ ដើម្បីអោយគាត់ប្រើប្រាស់ » ។

បើតាមលោកឈុន មករា អគ្គលេខាធិការរងនិងជាប្រធាននាយកដ្ឋានគ្រប់ក្រងទីភ្នាក់ងារមគ្គុទេសក៍ទេសចរណ៍នៃក្រសួងទេសចរណ៍បានមានប្រសាសន៍ថាក្នុងពេលកម្ពុជាផ្ទុះជំងឺកូវីដ១៩ អាជីវកម្មមួយត្រូវបានបិទដើម្បីទប់ស្កាត់ការចម្លងនៃជំងឺនេះ ក៏ប៉ុន្តែរដ្ឋាភិបាលមិនបានប្រកាសបិទតំបន់ទេសចរណ៍ណាមួយឡើយ ដូច្នេះភ្ញៀវទេសចរនៅតែអាចធ្វើដំណើរកម្សាន្តនិងចូលស្នាក់នៅសណ្ឋាគារ ផ្ទះសំណាក់ព្រមទាំងចូលភោជនីយដ្ឋានទទួលទានអាហារជាធម្មតា ។ យ៉ាងណាក៏ដោយរដ្ឋាភិបាលក៏បានប្រកាសអោយអាជីវកម្មដែលនៅបម្រើការធម្មតា ត្រូវអនុវត្តន៍វិធានការការពារជំងឺកូវីដ ១៩ អោយបានម៉ត់ចត់ផងដែរ បើសិនជាមិនព្រមធ្វើតាមអាចនឹងមានការបិទជាបន្តបន្ទាប់ ។

លោកបន្តថា កញ្ចប់សេវាកម្មទេសចរណ៍ដែលបង្កើតឡើងដោយប្រតិបត្តិករទេសចរក្នុងស្រុក នឹងជួយចិញ្ចឹមអ្នកផ្ដល់សេវាទេសចរណ៍មួយចំនួនដើម្បីទប់ទល់នឹងការចំណាយរបស់ខ្លួនក្នុងពេលវិបត្តិនេះ ខណៈភ្ញៀវទេសចរបរទេសមកកម្ពុជាស្ទើរតែធ្លាក់១០០ភាគរយទៅហើយ ។ លោកថា៖«ចាប់តាំងពីមានវិបត្តិកូវីដ១៩ តាមរបាយការណ៍របស់អង្គការទេសចរណ៍ពិភពលោកបានអោយដឹងថា វិស័យទេសចរណ៍បានបាត់បង់ចំណូលប្រមាណ៨០ពាន់លានដុល្លារអាមេរិក ក្នុងនោះភ្ញៀវទេសចរបានធ្លាក់ចុះប្រមាន៦០លាននាក់ផងដែរ ។ ដោយឡែកកម្ពុជា របាយការណ៍ត្រឹមខែមេសា កម្ពុជាទទួលបានទេសចរអន្តរជាតិតែជាង១,១៦លាននាក់ប៉ុណ្ណោះធ្លាក់ចុះ៥២ភាគរយបើធៀបនឹងឆ្នាំ ២០១៩ »។

លោកបញ្ជាក់ផងដែរថា សម្រាប់ទេសចរក្នុងស្រុកដែលចង់ធ្វើដំណើរកម្សាន្តនិងស្នាក់នៅសណ្ឋាគារលំដាប់ផ្កាយនៅតាមតំបន់ទេសចរណ៍នានា គឺជាឱកាស ដោយសារតែពេលនេះតម្លៃស្នាក់នៅសណ្ឋាគារក៏មានកម្រិតទាប ព្រោះតែមិនមានភ្ញៀវ ហើយកញ្ចប់ទេសចរណ៍ក៏មានតម្លៃសមរម្យអាចអោយពលរដ្ឋមានលទ្ធភាពធ្វើដំណើរកម្សាន្តបានច្រើន ៕