ភ្នំពេញ៖លោក ឈូក បណ្ឌិត ដែលត្រូវសមត្ថកិច្ចចាប់ខ្លួនកាលពីថ្ងៃទី៨ ខែ សី ហា នោះ បានបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារខេត្តស្វាយរៀងនៅរសៀលថ្ងៃនេះ ដោយអនុវត្តតាមសាលដីកាស្ថាពររបស់តុលាការកំពូល។
មន្ត្រីជាន់ខ្ពស់តុលាការខេត្ត ស្វាយរៀង បានឲ្យដឹងថាលោក ឈូក បណ្ឌិត អតីតអភិបាលក្រុងបាវិត ដែលរត់គេចខ្លួន ពីការតាមចាប់របស់សមត្ថកិច្ច អស់ពេល៣ឆ្នាំ បន្ទាប់បាញ់កម្មការិនី៣នាក់រងរបួសនោះ នៅវេលាម៉ោង៤ៈ៤០នាទីរសៀល ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៥នេះ តុលាការបានសម្រេចបញ្ជូនទៅកាន់ពន្ធនាគារ ខេត្តស្វាយរៀង ដើម្បីឃុំឃាំងហើយ។
មន្ត្រីនគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា លោក ឈូក បណ្ឌិត ដែលបានរត់គេចខ្លួន បន្ចាប់បានប្រគល់ខ្លួនឲ្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ហើយត្រូវបញ្ជូនតាមរថយន្តភ្លាមៗ ទៅកាន់តុលាការខេត្តស្វាយរៀងនៅម៉ោង១៣ៈ១០នាទីរសៀល ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៥។
គួររម្លឹកថាលោក ឈូក បណ្ឌិត អតីតអភិបាលក្រុងបាវិតត្រូវបានចៅក្រមសាលាដំបូងខេត្តស្វាយរៀង កាត់ទោសកាលពីថ្ងៃទី២៥ ខែមិថុនា អោយជាប់ពន្ធនាគារ រយៈពេល ១ឆ្នាំកន្លះ ពីបទបាញ់ប្រហារទៅលើកម្មការិនី៣នាក់ អោយរងរបួស។ តុលាការក៏តម្រូវឲ្យអតីតអភិបាលក្រុងបាវិតរូបនេះ បង់ប្រាក់សំណងទៅអោយជនរងគ្រោះទាំង៣នាក់សរុប ៣៨លានរៀល៕