ហ្វីលីពីន ៖ ប្រទេសហ្វីលីពីនបានរាយការណ៍ថាមានអ្នកឆ្លងជំងឺ COVID-១៩ ថ្មីចំនួន ៥៧៩ ករណីបន្ថែមទៀតកាលពីថ្ងៃច័ន្ទ ដែលនាំឱ្យចំនួនករណីឆ្លងសរុបកើនឡើងដល់ចំនួន ២២,៤៧៤ នាក់។
ក្នុងចំណោម ៥៧៩ ករណីថ្មី មាន ៣៣១ ករណី ដែលអ្នកជំងឺទាំងនោះទទួលបានលទ្ធផលតេស្ត ត្រឹមតែក្នុងរយៈពេល ៣ ថ្ងៃប៉ុណ្ណោះ ខណៈ ២៤៨ ករណីបានទទួលបានលទ្ធផលតេស្តយឺតយ៉ាវ។
លោកស្រី Maria Rosario Vergeire អនុរដ្ឋលេខាធិការក្រសួងសុខាភិបាលបានមានប្រសាសន៍ថា ករណីយឺតយ៉ាវនេះព្រោះតែមន្ទីរពិសោធន៍មិនអាចបញ្ជូនបញ្ជីឈ្មោះប្រចាំថ្ងៃរបស់ពួកគេបានទាន់ពេលវេលា។
អាជ្ញាធរបានឲ្យដឹងថាកាលពីម្សិលមិញមានអ្នកជំងឺដែលបានជាសះស្បើយថ្មីៗចំនួន ១០២ នាក់ផងដែរ ដែលនាំឱ្យចំនួនអ្នកជំងឺដែលបានជាសះស្បើយឡើងវិញសរុបកើនដល់ទៅ ៤,៦៣៧ នាក់ ខណៈដែលមានអ្នកស្លាប់ថ្មីចំនួន ៨ នាក់ដែលបានធ្វើឱ្យចំនួនអ្នកស្លាប់សរុបកើនឡើងដល់ ១,០១១ នាក់៕