ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានធ្វើការណែនាំក៏ដូចជាក្រើនរំលឹក ដល់ស្នងការរង ទទួលដឹកនាំតាមបណ្តាខណ្ឌទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់ខ្ពស់ ក្នុងការចុះរៀបចំសណ្តាប់ តាមដងផ្លូវ បើមានការរថយន្តណាមួយ ចតល្មើសផ្លាកសញ្ញាចរាចរណ៍ ត្រូវស្ទូចយកមកធ្វើការផាកពិន័យ នៅអធិការខណ្ឌ ឬការិយាល័យចរាចរណ៍ផ្លូវគោក ជាបន្ទាន់។
ក្នុងឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំ ប្រចាំខែឧសភា និងលើកទិសដៅការងារប្រចាំខែមិថុនា នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២០ លោកឧត្តមសេនីយ៍ឯក ស ថេត បានថ្លែងថា ការកោតសរសើរ ដល់ស្នងការរទាំងអស់ ដែលបានខិតខំប្រឹងប្រែង ក្នុងការចុះដឹកនាំកិច្ចការ បានយ៉ាងល្អ តាមបណ្តាខណ្ឌ ជាពិសេស បានដឹកនាំបានយ៉ាងល្អ ក្នុងការចុះរឹតបន្តឹងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក។
ជាមួយនោះ លោកក៏បាន កោតសរសើរដល់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស ដែលតែងតែតាមដានខំមិនប្រជាពលរដ្ឋទាំងថ្ងៃ ទាំងយប់ និងសហការណ៍គ្នាបានយ៉ាងល្អជាមួយ តាមបណ្តាខណ្ឌប៉ុស្តិ៍ ក្នុងការចុះចាត់វិធានការណ៍ និងដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋបានយ៉ាងឆាប់រហ័ស។
លើសពីនេះទៀត លោកស្នងការបានឲ្យដឹងទៀតថា “ខ្ញុំសូមការបានណែនាំ និងសង្កត់ធ្ងន់ដល់ស្នងការរង ទទួលដឹកនាំតាមបណ្តាខណ្ឌទាំងអស់ ត្រូវតែយកចិត្តទុកដាក់ខ្ពស់លើការដឹកនាំ ក្នុងការចុះរៀបចំសណ្តាប់តាមដងផ្លូវ បើមានការចតល្មើសផ្លាកសញ្ញាចរាចរណ៍ ត្រូវតែធ្វេីការស្ទូចយកមកផាកពិន័យ នៅអធិការខណ្ឌ និងការិយាល័យចរាចរណ៍ផ្លូវគោក”។
ក្នុងឱកាសនោះលោក ក៏បានណែនាំដល់ស្នងការរងទាំងអស់ ឲ្យខិតខំបន្តក្នុងការចុះដឹកនាំតាមខណ្ឌ ដើម្បីធានាឲ្យបានសន្តិសុខសុវត្ថិភាព រៀបចំសណ្តាប់ធ្នាប់ឲ្យបានល្អ ផ្តល់សេវាសាធារណ:ជូន ប្រជាពលរដ្ឋឲ្យបានល្អ និងឆាប់រហ័ស ជាពិសេសត្រូវយកចិត្តទុកដាក់ សិក្សាស្វែងយល់អំពីសុខទុក្ខរបស់មន្ត្រី ត្រូវរាយការណ៍ឲ្យបានលឿនចំពោះមន្ត្រីណាដែលមានជំងឺ ជួបគ្រោះថ្នាក់ផ្សេងៗ ជាពិសេសបាត់បង់សមត្ថភាពការងារជាដើម៕